រថយន្តនិងម៉ូតូបានពន្លះគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯនារីអ្នករួមដំណើររងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BV-1370 ឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះជិះមកជិតដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2 BA-9816 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតពេលមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូជ្រុលចូលទៅបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ រីឯស្ត្រីអ្នករួមដំណើរបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
បុរសដែលស្លាប់មានឈ្មោះ ថន ពិសី អាយុ ២៦ឆ្នាំរស់ នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ មុខរបរ នៅផ្ទះ។ រីឯស្ត្រីគេមិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណនៅឡើយ។ ចំណែកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕