កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើដល់មន្ត្រីរាជការដែលកំពុងបម្រើការងារនៅទូទាំងខេត្តកំពង់ចាម និងខេត្ដត្បូងឃ្មុំ ឱ្យបន្តអនុវត្តតាមគោលនយោបាយ និងកម្មវិធីកំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាលរួមមាន៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមសង្គហៈមិត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារដ៏មានសារសំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធិភាពនៃការបំពេញមុខងារ និងភារកិច្ចមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តការចុះសួរសុខទុក្ខដល់និវត្ដន៍ជនតាមលំនៅដ្ឋាននីមួយៗជាបន្តបន្ទាប់ទៀត ដូចជា ការចុះសួរសុខទុក្ខនិវត្ដជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដើម ។
បើតាមរបាយកាណ៏របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្តបេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនាសម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤។
បើតាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នភាពស្ថិតិមន្ត្រីរាជការដែលបានចូលនិវត្តន៏ របស់ថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលខេត្តកំពង់ចាម មាននិវត្តជនសរុបចំនួន ១១៣នាក់ និងខេត្តត្បូងឃ្មុំ មាននិវត្តជនសរុបចំនួន ១៣នាក់ ដោយរៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាល ទើបមានថ្ងៃនេះ ។