នៅព្រឹក ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣។
តាមសុន្ទរកថា នៃពិធីបើកមហាសន្និបាត របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានឲ្យដឹងថា យោងតាមការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត។
ផ្តើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់សម្រាប់ការបន្តវេនអ្នកជំនាន់ថ្មី គឺត្រូវចាប់ផ្ដើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែទៅហើយ។ អំពីការកសាងគណបក្ស គឺតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មួយចំនួនគឺ គោលការណ៏ប្រមូលផ្ដុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួល ខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក គោលការណ៍រក្សាភ្ជាប់ជិតស្និទ្ធិរវាងគណបក្ស និងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ផ្ដើមចេញពីការអនុវត្តគោលការណ៍ខាងលើរនេះ បានធ្វើឱ្យបក្សបានរីកធំធាត់ ពេញកម្លាំង រឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយមានគ្រប់លក្ខណ:សម្បត្តិអាចដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែងតទៅ។ នៅក្នុងបរិបទថ្មី នៃការដឹកនាំ អង្គមហាសន្និបាតលើកនេះនឹងត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម ៖
១-ពិនិត្យឆ្លងសេចក្តីព្រាង របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤
២-បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន
៣- ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្ដាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ
កណ្ដាលថ្មីផងដែរ។
សម្ដេចតេជោ ប្រធានគណបក្សបានមានប្រសាសន៍ទៀតថា អង្គមហាសន្និបាតក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្សជាច្រើនផងដែរ។
ការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
ជាការសន្និដ្ឋាន ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិ។ អង្គមហាសន្និបាតទាំងមូលក៏សូមសម្ដែងនូវគារវភក្តី និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានសេចក្តីសុខ សន្តិភាព និងរីកចម្រើនឥតឈប់ឈរ។
អង្គមហាសន្និបាតសូមកោតសរសើរ និងគោរពដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ នឹងជួយបង្កលក្ខណៈគ្រប់យ៉ាងឱ្យអ្នកជំនាន់ក្រោយបានបន្តវេនដោយរលូន តាមរដ្ឋធម្មនុញ្ញ និងតាមនីតិវិធីច្បាប់។
អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងអស់នៅគ្រប់ទិសទី ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយសង្ឃឹមថា ការជួយនេះ នឹងមានជាបន្តទៀត ដើម្បី ផលប្រយោជន៍ប្រទេសជាតិ៕