(ខេត្តកែប)៖ អំឡុងពេលពេលជំងឺកូវីដ ១៩ មានភាពធូរស្បើយ គេសង្កេតឃើញក្រុមអ្នកទេសចរមកពីបណ្តាខេត្ត ពិសេសរាជធានីភ្នំពេញ បាននាំសមាជិកគ្រួសារ ចូលមកសម្រាក លម្ហែ នៅទីក្រុងកែបដូចមុនវិញហើយ។នេះបើតាមការលើកឡើងរបស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកែប នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា នាពេលកន្លងមក ទោះបីពុំមានបទបញ្ជាឱ្យបិទមណ្ឌលកម្សាន្ត និងកន្លែងផ្តល់សេវាទេសចរណ៍ផ្សេងៗបែបណាក្តី ខេត្តកែបបានស្ថិតក្នុងភាពស្ងប់ស្ងាត់ ដោយសារតែគ្មានក្រុមអ្នកទេសចរមកសម្រាកកម្សាន្តដូចមុន ព្រោះតែខ្លាចករណីឆ្លងជំងឺកូវីដ ១៩។
ចំពោះផ្ទះសំណាក់ អាហារដ្ឋាន និងកន្លែងបើកអាជីវកម្មមួយចំនួនក៏ត្រូវបិទទ្វារឬផ្អាកដំណើរការព្រោះតែបាត់បង់អតិថិជន។ប៉ុន្តែអំឡុងពេលប្រមាណ២សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងដំណាក់កាលដែលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាហាក់ធូរស្បើយ ទើបរមណីយដ្ឋានឆ្នេរកែបចាប់ផ្តើមមានមនុស្សចូលមកកម្សាន្តឡើងវិញ។
ជាក់ស្តែងក្នុងឱកាសសម្រាកការងារប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរដែលចូលមកទស្សនានៅក្នុងរមណីយដ្ឋានខេត្តកែបពិតជាមានការកើនឡើង មិនខុសពីមុនឡើយ។ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ រៀងរាល់ពេលរាត្រីតែងតែមានមនុស្សម្នា ដើរកម្សាន្តយ៉ាងអ៊ូអរទាំងលើបរិវេណសួនច្បារខាងមុខសាលាខេត្ត តាមខ្យូសមាត់សមុទ្រ និងតាមឆ្នេរខ្សាច់ត្រង់ចំណុចឆ្នេរលេងទឹកជាដើម។
មន្ត្រីខាងលើបានបញ្ជាក់ទៀតថា រយៈពេលពីរសប្តាហ៍កន្លងទៅ ខេត្តកែបមានភ្ញៀវទេសចរមកកម្សាន្តជិតពីរមុឺននាក់ដែលធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់ចាប់ផ្តើមមានភ្ញៀវពេញឡើងវិញ។ប៉ុន្តែបើទោះជាមានអ្នកទេសចរមកសម្រាកលម្ហែ កម្សាន្តជាហូរហែរបែបនេះក្តី រដ្ឋបាលខេត្តកែបនៅតែមានការព្រួយបារម្ភ លើបញ្ហាចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ពិសេសតាមទីប្រជុំ ខណៈដែលមានមនុស្សមកកុញនៅតាមតំបន់ទេសចរណ៍នីមួយៗក្នុងភូមិសាស្ត្រខេត្ត។ជាមួយគ្នានេះ គេសង្កេតឃើញ មន្ត្រីរាជការគ្រប់ស្ថាប័ន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបានធ្វើការអប់រំណែនាំដល់បងប្អូនប្រទេសពលរដ្ឋ ពិសេសអ្នកទេសចរ ឱ្យមានភាពអនាម័យ គឺហូបស្អាត ផឹកស្អាត ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕