(ខេត្តកំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តកំពត បានណែនាំក្រើនរំលឹកជំរុញដល់មន្ត្រីគណបក្សថា ដើម្បីទទួលបានភាពជោគជ័យនៃការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរបន្តទៀតសម្រាប់អាណត្តិខាងមុខនេះ សូមមន្ត្រីគណបក្សប្រជាជន ទាំងអស់នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ លើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារ បម្រើសេវាសាធារណៈនិងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើងថែមទៀត ។
ការជម្រុញណែនាំបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយ មន្ត្រីបង្គោលគណបក្សប្រជាជននៅក្នុងទូទាំងស្រុកជុំគិរីខេត្តកំពត ដោយមានការអញ្ជើញចូលរួមផងដែរ ពី លោក ជឹង ផល្លា អនុប្រធានគណៈបក្សខេត្តនិងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងមន្ត្រីបណ្ដាប្រធានគណៈចំណុះគណបក្សខេត្ត កាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនស្រុកជុំគិរី។
លោក ជាវ តាយ ប្រធានគណបក្សប្រជាជនខេត្តកំពត បានបន្តទៀតថា នៅពេលខាងមុខនេះ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាការងារសំខាន់ចាំបាច់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើម ឈានយកភាពជោគជ័យបន្តទៀត ក្នុងការដឹកនាំ និងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យបានកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។
ដូច្នេះដើម្បីភាពជោគជ័យនេះ គោលដៅនៃគណបក្សប្រជាជន តែងតែបានចុះជាប់ជាមួយប្រជាពលរដ្ឋ និងមន្ត្រីគណបក្សប្រជាជនជារៀងរហូតមក។ជាក់ស្ដែង ថ្នាក់ដឹកនាំគណៈបក្សខេត្តដែលបានចុះមកជួបជាមួយមន្ត្រីបង្គោលគណបក្សប្រជាជនស្រុកជុំគិរី ពេលនេះ គឺដើម្បី ស្វែងយល់និងក្ដាប់ឱ្យជាប់នូវសភាពការណ៍ទូទៅ ការបញ្ជាដឹកនាំ រចនាសម្ព័ន្ធ សំណូមពរ ការលំបាក និងបញ្ហាប្រឈមនានា វិធានការកែសម្រួល តម្រង់ទិសនៃការដឹកនាំ ការពង្រឹងរចនាសម្ព័ន្ធ និងការកសាងបក្ស និងវិធានការយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរការលំបាក នៃការប្រឈមរបស់គណបក្សនៅក្នុងមូលដ្ឋាននិមួយៗ។
លោក ជាវ តាយ បានក្រើនរំលឹកទៀតថានៅចំពោះមុខនេះ ត្រូវដណ្ដើមប្រៀបឈ្នះឲ្យកាន់តែខ្លាំងក្លាជាងមុនបន្តទៀត ពិសេសមន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ អំពើល្អ និងគុណភាពបម្រើសេវាសាធារណៈនិង ការដោះស្រាយ រាល់បញ្ហាការខ្វះខាតជូនប្រជាពលរដ្ឋ ដោយជំរុញដល់គ្រប់ក្រុមការងារគណបក្សគ្រប់ថ្នាក់ធ្វើការផ្សព្វផ្សាយ និងដោះស្រាយដល់ប្រជាពលរដ្ឋខ្វះខាតដើម្បីបង្ការទប់ស្កាត់ក្នុងស្ថានភាពវិបត្តិ នៃការឆ្លងរាតត្បាតជំងឺ ខូវីដ១៩ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បន្តថែមទៀត។
ពិសេសជាងនេះទៅទៀត គ្រប់សមាជិក សមាជិកា ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តគិតគូរអំពីផលប្រយោជន៍របស់ប្រជាជន និងបក្ស ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដោយសមាជិក ម្នាក់ៗត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយប្រជាជន លើកកម្ពស់ការចូលរួមពង្រឹងសមត្ថភាពនិងអនុវត្តការងារប្រកបដោយគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិនិងគណបក្ស។
ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាគណបក្សចំនួនជាង៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងឧបត្ថម្ភគណបក្សស្រុកចំនួន១លានរៀលផងដែរ៕