(ខេត្តកែប)៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ លោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជនស្រុកដំណាក់ចង្អើរ ចំនួន១១១នាក់។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប និងជាប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត គណៈអភិបាល ស្រុកដំណាក់ចង្អើរ សមាជិកគណៈកម្មាធិការអតីតយុទ្ធជនខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងអជ្ញាធរមូលដ្ឋានទាំងពីឃុំផងដែរ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក កែន សត្ថា ក៏បានលើកឡើងដោយបានណែនាំដល់អតីតយុទ្ធជនទាំងអស់ ត្រូវចេះរក្សាសុខភាពឱ្យបានមាំមួន និងមានអនាម័យ គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដោយត្រូវទប់ស្កាត់ និងការពារកុំឱ្យមានការចម្លងមេរោគផ្សេងៗ ពិសេសបង្ការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោកប្រធានកិត្តិយស ក៏បានភ្ជាប់មកជាមួយនូវសម្ភារៈមួយចំនួន ដើម្បីឧបត្ថម្ភ ជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជន ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូ មី០១កេះ ប្រេងឆា ប៊ីចេង ត្រីខ ចានដែកធំ០១ និងថវិកាចំនួន ២០០០០រៀល៕