ខេត្តកណ្តាល៖ ការចូលមកកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តថ្មី គឺជាការបន្តនិរន្តភាពការងាររបស់ក្រុមប្រឹក្សាខេត្តកណ្ដាល បន្តទៀតជំនួសប្រធានក្រុមប្រឹក្សាខេត្តចាស់ ដែលត្រូវបានផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី ជានាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យមានសុខដុមនីយកម្មនៅក្នុងរដ្ឋបាល និងនយោបាយរបស់ខេត្ត។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១០ អាណិត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដែលជាកិច្ចប្រជុំដំបូងរបស់ប្រធានក្រុមប្រឹក្សាខេត្តថ្មី ដោយមានការចូលរួមពីឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តនានា។
ឯកឧត្តមបន្តថា ប្រធានក្រុមប្រឹក្សាខេត្តគឺមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលស្ថិតក្នុងរដ្ឋបាលឯកភាពខេត្ត ហើយក៍ជាតួអង្គយ៉ាងសំខាន់ក្នុងការធ្វើអោយមានទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា និងគណៈអភិបាលខេត្តផងដែរ ដើម្បីរួមគ្នាធ្វើអោយសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនានារបស់ខេត្ត ធ្វើឲ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលមានជំនឿទុកចិត្ត និងរួមគ្នាធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើឡើងថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត គឺជាដៃគូយ៉ាងសំខាន់បំផុតក្នុងការពិភាក្សា ទៅលើការធ្វើកំណែទម្រង់ណាមួយរបស់ខេត្ត ពីព្រោះបើគ្មានការពិភាក្សា ឯកភាពជាមួយគ្នានោះទេគឺមិនអាចសម្រេចបានចេញជាលទ្ធផលនោះទេ ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន១០ សំខាន់ៗ ដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងអនុវត្តផងដែរ។