(កណ្ដាល) ៖ អភិបាលខេត្តកណ្ដាលថ្មីលោក គង់ សោភ័ណ្ឌ បានលើកឡើងថា ដើម្បីឲ្យប្រទេសជាតិមួយរីកចំរើន តោងឲ្យមានការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់បណ្ដានារីភេទ ឱ្យមានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពការងារសង្គម ចូលរួមកសាងប្រទេសជាតិ សេដ្ឋកិច្ច ខណៈពួកគេត្រូវបង្កើនការលើកកម្ពស់សិទ្ធិស្ត្រី ឲ្យចូលរួមអភិវឌ្ឍន៍ជាតិកាន់តែខ្លាំងក្លាឡើង ដើម្បីប្រសិទ្ធភាពនៃការរីកចំរើនជានិរន្តរភាព។
អភិបាលខេត្តកណ្តាលបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាជាតិនារី ៨ មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដោយមានការអញ្ជើញចូលរួមផងដែរពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ ពិសេសគឺស្ត្រីដែលរាប់តាំងពីថ្នាក់ដឹកនាំខេត្ត ស្ត្រីជាមន្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្តជិត ២០០០នាក់ផ្សេងទៀត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ។
លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកថា ខេត្តបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង អរគុណសន្តិភាព ដែលបានប្រែក្លាយប្រទេស កម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែកបាក់ទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំង ចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។
លោកបន្តថា «សមិទ្ធផលទាំងឡាយដែលសម្រេចបាន ពិតជាអាស្រ័យដោយប្រទេសជាតិមានសន្តិភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងមានការ ចូលរួមពីគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ក្នុងនោះក៏មិនអាចកាត់ផ្តាច់ចេញបានពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីផងដែរ»។
ក្នុងកម្មវិធីនេះដែរ លោក គង់ សោភ័ណ្ឌ បានអំពាវនាវមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ សូមបន្តចូលរួមការពារ និងថែរក្សា សន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានឲ្យបានគង់វង្ស។ សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការធានាបាននូវសមភាពយេនឌ័រ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចទាំងក្នុងវិស័យសាធារណៈ និងនយោបាយព្រមទាំងចូលរួមបន្តជំរុញការកែប្រែឥរិយាបថរបស់សង្គមដែលនៅមានការរើសអើងចំពោះស្ត្រី តាមរយៈការផ្តល់ការគាំទ្រ ការលើកទឹកចិត្ត ការផ្តល់ឱកាស ឲ្យស្ត្រីបានចូលរួមគ្រប់ដណើរការនៃកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយស្មើភាពជាមួយបុរសដោយចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច» «ជួយស្ត្រី គឺជួយខ្លួនឯង»។
លោកអភិបាលខេត្តបន្តថា ស្ត្រីខ្លួនឯងផ្ទាល់ត្រូវខិតខំបង្កើននូវចំណេះដឹង ជំនាញ និងសមត្ថភាពព្រមទាំងរក្សាឲ្យបានប្រពៃនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរដើម្បីធានាបាននូវការលើកកម្ពស់ សក្តានុពលរបស់ស្ត្រីក្នុងសង្គមជាតិ។
គួរជម្រាបថា កម្មវិធីនេះគណៈអធិបតី បានឧបត្ថម្ភដល់ស្ដ្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្តចំនួន ១៧៨៦នាក់ ក្នុងម្នាក់ៗទទួលបាន់ថវិកាចំនួន ១០ម៉ឺនរៀល និងសារុងសូត្រមួយផងដែរ៕