(កំពង់ធំ)៖ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ នោះ កាលពីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការណ៍ជាមួយក្រុមហ៊ុន CP បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងរបស់លោក ងី គឹមពៅ នៅភូមិ អូរគគី ឃុំជ្រាប់ ស្រុកសន្ទុកខេត្តកំពង់ធំ ក្នុងនោះកសិដ្ឋានចិញ្ចឹមជ្រូក មានចំនួន៦រោង ដែលមានជ្រូកសាច់ចំនួន ៣៥៦០ក្បាល ។
លោក តាន់ ម៉េងឆាង បានបញ្ជាក់ថាក្នុងការចុះពិនិត្យនេះគឺដើម្បីឲ្យដឹងថាតើជ្រូកមានសុខភាពល្អរឺមិនល្អមុនការនាំចេញទៅកាន់ទីផ្សារនិងមានការណែនាំដល់ម្ចាស់កសិដ្ឋានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការចិញ្ចឹមផងដែរ ។
លោកបានបន្តថា ក្នុងពេលចុះពិនិត្យនេះ ឃើញថាជ្រូកទាំងអស់ចំនួន ៣៥៦០ ក្បាលមានសុខភាពល្អ និងធ្វើការវាយតម្លៃពីបញ្ហាសុខភាពរបស់សត្វដើម្បីឲ្យម្ចាស់កសិដ្ឋានដាក់ពាក្យទៅកាន់ច្រកចេញចូលតែមួយរបស់ខេត្តមុនពេលដឹកជញ្ជូនទៅកាន់ទីផ្សារ ។
ជាមួយគ្នានេះដែរលោក តាន់ ម៉េងឆាង បានកោតសរសើរដល់កសិដ្ឋានរបស់លោក ងី គឹមពៅ ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹមជ្រូកបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដើម្បី កាត់បន្ថយការនាំចូលសត្វពីក្រៅប្រទេស តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព ៖ https://www.information.gov.kh