(ខេត្តកំពត)៖ នៅសាលសន្និសីទខេត្តកំពត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តក្រុងស្រុកនិងឃុំសង្កាត់សរុបប្រមាណ ១៤០០នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអាននូវព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលមានខ្លឹមសារជាអាទិ៍ថា៖ ដោយបានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាននឹងកំពុងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍជីវភាព និងសុខមាលភាពនៃការរស់នៅ តាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម ។ ខ្លឹមសារព្រះរាជសារ ក៏បានសំដែងការអរគុណផងដែរ ចំពោះដំណើរការយ៉ាងសកម្ម នៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រួមនិងស្ថាប័ននីតិបញ្ញត្តិ សម្ដេចសង្ឃរាជ មន្ត្រីសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នផ្នែកឯកជនអង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ និងពិសេសគាំទ្រដល់ក្រសួងកិច្ចការនារី ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ជំរុញ សកម្មភាពរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រីរួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង។
អង្គពិធី បានបញ្ចប់ បន្ទាប់ពី គណៈអធិបតី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក បានជូននូវកាដូជាថវិកាម្នាក់ទទួលបានចំនួន ៥ម៉ឺនរៀល រួមនឹងបាច់ផ្កា ដ៏ស្រស់ស្អាតដល់ភរិយាថ្នាក់ដឹកនាំ និងនិងបងប្អូននារីជាថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត និងរដ្ឋបាលក្រុង ស្រុកប្រកបដោយ បរិយាកាស សប្បាយភាពស្និតស្នាលនិងជឿជាក់លើសមភាពយេនឌ័រ នៅកម្ពុជាស្របទៅតាមបរិការណ៍របស់ប្រទេសជាតិយើងក្រោម” ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ឆ្លើយតប ទៅនឹងក្របខ័ណ្ឌថ្មីជាសកល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ៕