(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំកុរ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាវត្តដងទង់ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមានការចូលរួមពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ តាជីយាយជី សរុបប្រមាណ ៣០០០នាក់។
លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា វត្តនៅក្នុងខេត្តកំពតមានចំនួន ២៦៨វត្ត មានព្រះសង្ឃ ២៤១៦អង្គ ស៊ូរ៉ាវសម្រាប់សាសនាឥស្លាមចំនួន៣៧កន្លែង វិហារចំនួន៣៥កន្លែង មានវិហារកាតូលិកសម្រាប់គ្រឹះសាសនាចំនួន៣៨កន្លែង ស្នាក់ការថ្វាយបង្គំ១៥កន្លែងនិងមានវិហារសាសនាមហាយាន៤កន្លែង។ដោយឡែកសម្រាប់វត្តស្រុកដងទង់ មានវត្តសរុបចំនួន២៧វត្ត និងមានព្រះសង្ឃសរុបចំនួន១៧២អង្គ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសសប្បុរសជនក្នុងនិងក្រៅប្រទេសដែលបានចូលរួមចំណែក ក្នុងការកសាងសមិទ្ធផល ក្នុងទីអារាមនេះ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យវិស័យសាសនាមានភាពរីកចម្រើនឥតឈប់ឈរ ដោយឡែកបើនិយាយពីសមិទ្ធផលនានាក្នុងទីអារាមក្នុងខេត្តកំពតត្រូវបានកសាងឡើងជាបន្តបន្ទាប់គ្រប់ទីកន្លែង។
សូមបញ្ជាក់ថា៖ តាមរបាយការណ៍របស់រដ្ឋបាលស្រុកដងទង់ បានឱ្យដឹងថា វត្តដងទង់ ក្នុងសម័យប៉ុលពត ត្រូវបានរងការបំផ្លិចបំផ្លាញគ្មានសល់ ដូចវត្តដទៃទៀតដែរក្នុងកម្ពុជាយើងដែរ។ នៅក្រោយឆ្នាំ១៩៧៩ នៅសល់តែ ព្រះពុទ្ធរូបបដិមាករស័កសិទ្ធមួយព្រះអង្គ និងចេតិយបុរាណមួយប៉ុណ្ណោះ។ លុះឆ្នាំ១៩៨៤ ទើបបានចាប់ផ្ដើមកសាងឡើងវិញ ហើយក៏មានការរីកចម្រើននូវសមិទ្ធផលនានាក្នុងទីអារាមវត្តនេះជាបន្តបន្ទាប់រហូតដូចសព្វថ្ងៃនេះ។
ដោយឡែក ផ្ដើមចេញពីប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៍ សមិទ្ធផលក្នុងទីអារាមវត្តដងទង់នេះ មានការរីកចម្រើនជាបន្តបន្ទាប់ ពិសេសព្រះវិហារដែលត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះ គឺក្រោមជំនួយឧបត្ថម្ភ គាំទ្រទាំងស្មារតីសម្ភារៈថវិការបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលបរិច្ចាគធនធានថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទជិតឆ្ងាយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាអស់ចំនួន៤៩៨.១២២ដុល្លារ។ក្នុងនោះដែរលោកអភិបាលខេត្ត បានចួលរួមបច្ច័យ សម្រាប់រៀបចំកម្មវិធីនេះចំនួន ១០លានរៀលផងដែរ៕ សេង ណារិទ្ធ