(ខេត្តកំពត)៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានប្រារព្ធនូវកម្មវិធីបុណ្យមាឃបូជា ដែលកម្មវិធីនេះបានធ្វើឡើងនៅប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពត។
កម្មវិធីបុណ្យបានប្រារព្ធឡើងមានការអញ្ជើញនិងនិមន្តចូលរួម នាឱកាសនោះពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃ រួមនិង លោក-លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត និងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូសិស្សនិស្សិត យ៉ាងច្រើនកុះករ។
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យមាឃបូជា នេះទៀតសោត គោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើងមានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាយើង តែងបានលើកកម្ពស់វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។
លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់ព្រះសង្ឃប្រជាពុទ្ធបរិស័ទរួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តកំពតទាំងអស់ដែលតែងតែបាននិមន្តនិងអញ្ជើញចូលរួម ប្រារព្ធធ្វើឡើងនៅកម្មវិធីបុណ្យសាសនាដ៏មានសារសំខាន់នេះ ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។ ព្រោះថាព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
ជាមួយឱកាសនោះ លោក ជាវ តាយអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត រួមនិងប្រជាពុទ្ធបរិស័ទបាននាំនូវបច្ច័យវេរប្រគេនព្រះសង្ឃក្នុង កម្មវិធីបុណ្យសរុប ចំនួន១២លានរៀល ក្នុងនោះសម្រាប់បច្ច័យរបស់រដ្ឋបាលខេត្តមានប្រមាណ ចំនួន១០លានរៀល និងបានជូន ថវិកាមួយចំនួនដល់កងកម្លាំងនាឱកាសនោះផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យនារសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺមានការនិមន្តនិងអញ្ជើញចូលរួមពី សំណាក់ព្រះសង្ឃថ្នាក់ដឹកនាំខេត្តរួមនិងពុទ្ធបរិស័ទបានចូលរួមដង្ហែរក្បួនតាមដងផ្លូវក្នុងក្រុងកំពត នឹងធ្វើពិធីវេរគ្រឿងសក្ការៈបូជាស្វាធ្យាយនិងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនា។ ហើយកម្មវិធីបុណ្យនេះ នឹងត្រូវបញ្ចប់នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃឆ្នាំកុរពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមាននិមន្តព្រះសង្ឃធ្វើពិធី បិណ្ឌបាតចំនួន ៥០០អង្គផងដែរ៕