(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប។
លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកែបបានបញ្ជាក់ថា តាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទីV ក៏បានពិភាក្សា អនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ ដោយអង្គសន្និបាត បានពិភាក្សា និងក្តាប់ជាប់នូវតួនាទី ភារកិច្ចរបៀបរបបការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអំពីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងស្មារតីនេះ អង្គសន្និបាតសូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ពីតម្លៃយ៉ាងធំធេងបំផុតនៃសុខសន្និភាព ហើយប្តេជ្ញាថែរក្សាសន្តិភាពនិងបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងធ្វើឱ្យបរាជ័យនូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។
ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា តាមគោលការណ៍និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវធ្វើបច្ចុប្បន្នភាពសមាជិកនៃគណបក្សរបស់យើង បើទោះពេលនេះមិនទាន់មានការបោះឆ្នោតក៏ដោយ ការធ្វើសមាជិកភាព បច្ចុប្បន្នភាពនៃសមាជិករបស់យើងពិតជារឿងចាំបាច់បំផុត។
ចំពោះការធ្វើបច្ចុប្បន្នភាពនេះសមាជិកគណបក្សប្រជាជនគ្រប់រូបសូមទៅបិទទង់ជ័យបក្សនៅតាមលំនៅដ្ឋានទាំងអស់គ្នា ហើយចាប់ផ្តើមឃោសនាដោយមិនចាំបាច់ដល់ឆ្នាំ២០២២-២០២៣ ម្យ៉ាងទៀតការបិទទង់បក្សនៅតាមទ្វារផ្ទះរបស់យើង ពិតជាមានន័យធំធេងណាស់ ហើយនេះក៏ចាត់ទុកជាចិត្តសាស្ត្រមួយដែលជំរុញឱ្យមានការចូលរួមគាំទ្រដ៏ផុសផុលពីសំណាក់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានជំរុញដល់ក្រុមក្មួយៗដែលជាសមាជិកថ្មីខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការងារក្នុងគណបក្សប្រជាជនកម្ពុជារបស់យើងឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕