(ខេត្តកែប )៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ព្រមទាំងមានការអញ្ចេីញចូលរួមពី អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ព្រមទាំងមន្ត្រីប្រតិបត្តិសាខា។
កិច្ចប្រជុំនេះប្រផ្តោតលើកិច្ចការសំខាន់ ដើម្បីពិនិត្យពិភាក្សា និងឆ្លងរបាយការណ៍ សកម្មភាពសាខា ប្រចាំឆ្នាំ២០១៩ និងរបាយការណ៍ហិរញ្ញវត្ថុ(ចំណូល ចំណាយ) របស់សាខាប្រចាំឆ្នាំ២០១៩ ព្រមទាំងជម្រុញអ្នកទទួលការ ងារសាងសង់អាគារផ្ទះសំណាក់សាខាបន្តការងារសាងសង់ឲ្យបានឆាប់ តាមកិច្ចសន្យា។
ដោយផ្អែកលើការងារអនុវត្តកន្កងមក លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានវាយតម្លៃថា ដោយសារកិច្ចខិតខំប្រឹងប្រែងពីសមាជិកសាខា អនុសាខា ក្រុមការងារ ព្រមទាំងអ្នកស័គ្រចិត្ត បានធ្វើឱ្យសាខាកាកបាទក្រហមខេត្តយើងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ដូចជាកន្លងមកនិងពេលបច្ចុប្បន្ន សាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានបម្រើការងារផ្នែកមនុស្សធម៌ជូនដល់ជនងាយរងគ្រោះគ្រប់ប្រភេទ បានទាន់ពេលវេលា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសជួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ពិការភាព អ្នកមានផ្ទុកមេរោគអេដស៏ជាដើម។
ជាមួយនេះដែរ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគុណធម៌និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែជួយគិតគូនិងជួយសង្គ្រោះដល់អ្នករងគ្រោះគ្រប់ជាតិសាសន៍ ពិសេសជនរងគ្រោះក្នុងឧប្បត្តិហេតុផ្សេងៗ ដោយគ្មានការរើសអើង ពូជសាសន៍ ពណ៌សម្បុរឡើយ៕ សេង ណារិទ្ធ