(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងក្រុងកំពតយ៉ាងអធិកអធមបំផុត។
ពិធីនេះដង្ហែនេះស្ថិតក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ ២៦០០នាក់។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តកំពតចូលរួមទទួលពានរង្វាន់ជ័យលាភីទេសចរណ៍ទីក្រុងស្អាតអាស៊ាននៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដែលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផ្តល់ជូន បន្ទាប់ពីបានវាយតម្លៃថា ក្រុងកំពត ជាទីក្រុងទេសចរណ៍ស្អាត។
នេះជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងមោទនភាពថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តកំពត ក៏ដូចជាពលរដ្ឋទូទាំងខេត្តដែលក្រុងកំពតត្រូវបានទទួលស្គាល់ជាទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន ហើយកន្លងមកក្រុងកំពតបានទទួលពានរង្វាន់ជ័យលាភី រំដួលបីទង ចំនួន២លើក រួចមកហើយ ក្នុងចលនា ប្រឡងប្រណាំងក្រុងស្អាតថ្នាក់ជាតិ។ នេះជាការឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕