សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទីក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃបានស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលក្នុងស្រុកទាំងអស់បង្ហាញព័ត៌មានពិតជុំវិញបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារក៏ដូចជាបញ្ហាដែលបណ្តាអង្គការទាំងនោះរកឃើញដើម្បីងាយស្រួលឱ្យខាងរាជរដ្ឋាភិបាលងាយស្រួលក្នុងការដោះស្រាយ។
សម្តេចស ខេង បានមានប្រសាសន៍ថា ក្នុងករណីនេះដែលបញ្ហាទាំងនោះមិនត្រូវបានបង្ហាញឱ្យច្បាស់ណាស់នោះទេ មន្ត្រីរាជរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយដោយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។
សម្តេចបញ្ជាក់ថា ករណីខ្លះមានការបំផ្ទុះនូវការលើកឡើងថាមានការកើតឡើងបញ្ហាច្រើនករណីដែលអាជ្ញាធរធ្វើការគាបសង្កត់គំរាមកំហែងជាដើមនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចចង់ឱ្យមានការផ្តល់ព័ត៌មានជាក់លាក់ ហើយក្នុងករណីដែលអនុវត្តន៍ផ្ទុយពីនេះគឺមានន័យថាអ្នកទាំងនោះបំផ្លោងព័ត៌មានពីព្រោះថាពួកគេមិនបានបញ្ជូននូវបញ្ហាប្រឈមដែលពួកគេលើកឡើងដើម្បីឱ្យខាងមន្ត្រីរាជរដ្ឋាភិបាលបានដឹងនិងធ្វើការដោះស្រាយ។
សម្តេចបានបន្តថា មន្ត្រីរាជរដ្ឋាភិបាលមានរបៀបរបបធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋតាមវេទិកាសាធារណៈដោយធ្វើការបូកសរុបនូវបញ្ហាប្រឈមនានានៅតាមមូលដ្ឋានដើម្បីធ្វើការដោះស្រាយ។
សម្តេចក៏បានណែនាំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលយ៉ាងយូរ០៦ខែម្តងត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមនៅមូលដ្ឋាន។
សម្តេចបានបន្ថែមថាបញ្ហាអ្វីខ្លះដែលបានដោះស្រាយនៅក្នុងរយៈពេល០៦ខែ ហើយបញ្ហាអ្វីខ្លះដែលបានកើតមានក្នុងរយៈពេល០៦ខែដើម្បីធ្វើការដោះស្រាយបន្តទៀត។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងទៅនឹងការលើកឡើងពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីពេលកន្លងទៅនេះ ថាកម្ពុជាមានការរឹតត្បិតសិទ្ធិប្រជាពលរដ្ឋ ក្នុងការតវ៉ាផ្សេងៗកាលពីឆ្នាំកន្លងទៅ សម្តេចស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានច្រានចោល និងថាប្រហែលជាព័ត៌មានមិនពិត។
ការបញ្ជាក់របស់សម្តេចស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ វេទិការស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤ នៅព្រឹកថ្ងៃចន្ទនេះ នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះសម្តេចស ខេង ស្នើឲ្យលើកបញ្ហាដែលបានចោទឡើង ដាក់លើតុជជែកគ្នា ដើម្បីដោះស្រាយរួម៕