(ខេត្តកំពត)៖ ដើម្បីអនុវត្តនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការណែនាំដល់មន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យរួមគ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងនូវ មេរោគវីរុស កូរ៉ូណាក្នុងប្រទេសកម្ពុជាយើង។
ទាក់ទងនឹងវីរុសដ៏កាចសាហាវនេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត អមដំណើរ ដោយមន្ត្រីជំនាញពាក់ព័ន្ធ និងមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះស្វែងយល់ស្ថានភាព និងណែនាំមន្ត្រីដើម្បីពង្រឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លង វីរូសកូរ៉ូណា នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
នៅក្នុង ឱកាស នោះ លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បើទោះបីនៅបណ្ដាប្រទេស មួយ ចំនួនក៏ដូចជា ពិភពលោក មានការព្រួយបារម្ភ ចំពោះបញ្ហា មេរោគ វីរុសកូរ៉ណានោះក្ដី ប៉ុន្តែសម្រាប់នៅកម្ពុជាយើងតាមការកត់សម្គាល់ ដោយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បញ្ហាមេរោគវីរុសកូរ៉ណានេះនៅមិនទាន់មានអ្វីធ្ងន់ធ្ងរគួរឱ្យបារម្ភឡើយ។
តែទោះបីយ៉ាងនេះក្ដី រាជរដ្ឋាភិបាល កម្ពុជាយើងមិនបានព្រងើយកន្តើយដោយគ្មានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ ចំពោះបញ្ហានេះដែរ។ ដោយសារកក្តាបែបនេះហើយ ទើបលោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីគ្រប់ជំនាញដែលឈរជើងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ទាំងអស់ ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ខ្ពស់ ពង្រឹងនូវវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនូវ វីរុស កូរ៉ូណានេះ ពិសេសការអនុវត្តនូវអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលបានណែនាំ ពោលគឺតាមរយៈការស្គេនរកដោយម៉ាស៉ីនកំដៅ ការចែកម៉ាស់ការពារ មេរោគចំពោះអ្នកដំណើរឆ្លងកាត់ទាំងជាតិនិងអន្តរជាតិ ក៏ដូចច្រកទ្វារទ្វេភាគីនានាតាមព្រំដែនឲ្យបានជាប់ជាប្រចាំ៕