(ខេត្តកែប)៖ ដងផ្លូវជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ត្រូវបានអាជ្ញាធរខេត្តជំរុញឱ្យមន្ទីរជំនាញជួសជុលកែលម្អ មានភាពធំទូលាយ ដើម្បីងាយស្រួលដល់ការធ្វើដំណើរ។
យ៉ាងណាមិញ បើយើងក្រលេកមើលដងផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្សារដំណាក់ចង្អើរ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានជួសជុលនិងពង្រីកយ៉ាងធំទូលាយ ដោយអ៊ុតកៅស៊ូអេសុី(AC) និងរៀបខឿនធ្វើសួនចំកណ្តាលទ្រូងផ្លូវ ប្រកបដោយសោភ័ណភាព។
ពាក់ព័ន្ធនឹងការងារជួសជុលផ្លូវខាងលើ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ដើម្បីអបអរក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម និងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខាងមន្ទីរជំនាញនឹងបន្តការជួសជុលនៅគ្រប់ដងផ្លូវនៃភូមិសាស្ត្រខេត្តកែបទាំងមូល ពិសេសការងារជួសជុលផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចគីឡូម៉ែត្រលេខ២៤រហូតដល់ចន្លោះគីឡូម៉ែត្រ២៥-២៦ ស្ថិតក្នុងភូមិសាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ក្រៅពីការងារជួសជុលដងផ្លូវគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្ត មន្ត្រីជំនាញក៏បានជួសជុលផ្លូវជាច្រើនកន្លែងទៀតក្នុងទីប្រជុំជនខេត្ត និងគ្រប់គ្រងថែទាំផ្លូវដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដូចជាការជួសជុលលុបពង្រាបផ្លូវជង្ហុក(ផ្លូវសំបុកមាន់)ឱ្យបានស្អាត ការងារកែលម្អប្រព័ន្ធលូនិងស្ពានគ្រប់ទីកន្លែងជាដើម។លើសពីនេះ ចំពោះផ្លូវលេខ១៣.៣២ ត្រង់ចំណុចឃុំអង្កោលដែលជាចំណុចព្រៃលិចទឹក ពេលនេះក៏ត្រូវបានអាជ្ញាធរខេត្តជំរុញឱ្យមន្ទីរជំនាញជួសជុលកែលម្អ ដោយចាក់បេតុអាមេ(បេតុងសរសៃដែក)ដោយការងារនេះអនុវត្តបានជិតរួចរាល់ផងដែរ។
សូមជម្រាបថា បើយោងតាមប្រសាសន៍របស់ លោក កែន សត្ថា អភិបាលខេត្តកែប កន្លងមកលោកតែងតែជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវសហការ រួមគិត រួមធ្វើ និងទទួលខុសត្រូវចំពោះការងារ ដោយការសហការគ្នាដើម្បីអភិវឌ្ឍន៍តំបន់ខេត្តទេសចរណ៍ដ៏តូចច្រឡឹងមួយនេះឱ្យកាន់តែរីកចម្រើន និងមានភាពស្រស់បំព្រងគ្រប់រដូវកាល ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យសក្តិសមឈ្មោះខេត្តបៃតង និងខៀវស្រងាត់ ដែលមានឆ្នេរស្រស់ស្អាតជាងគេលើពិភពលោក ដើម្បីឱ្យស្របទៅនឹងប្រធានបទ “ជាខេត្តតារារះនាទិសនិរតី” គឺមានទឹកស្អាត ដីស្អាត និងខ្យល់ស្អាត។
ជាមួយគ្នានេះ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យភូមិសាស្ត្រខេត្តកែបទាំងមូល មានការរីកចម្រើន ពិសេសមានដងផ្លូវដ៏ធំទូលាយងាយស្រួលធ្វើដំណើរ និងមានភាពទាក់ទាញ ព្រមទាំងមានការវិនិយោគ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់ខេត្តកែប ឱ្យក្លាយជាខេត្តទេសចរណ៍ដ៏គម្រូ ប្រកបដោយសក្តានុពលខ្ពស់៕