(ខេត្តកំពត) ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានទទួលអំណោយពីក្រុមហ៊ុនវារីអគ្គិសនីកំចាយជាអំពូលភ្លើងប្រភេទអិលអ៊ីឌីចំនួន១០០ អំពូល។
តំណាងឱ្យថា្នក់ដឹកនាំ និងរដ្ឋបាលខេត្ត នៅចំពោះមុខម្ចាស់អំណោយ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា នេះជាការចូលរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ ក្នុងកិច្ចអភិវឌ្ឍឱ្យរីកចម្រើនឆាប់រហ័ស ក៏ដូចជាជួយបង្កើនសោភ័ណភាពខេត្តកំពតទាំងមូលភ្លឺចិញ្ចាចចិញ្ចែង និងកាន់តែស្រស់បំព្រងមួយកម្រិតទៀត។
ជាមួនឹងការថ្លែងអំណរគុណចំពោះម្ចាស់អំណោយ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ទៀតថា កន្លងមកក្រុមហ៊ុនវារីអគ្គិសនី ធ្លាប់បានផ្តល់អំពូលបំភ្លឺសាធារណៈ ចំនួន១០០សម្រាប់ ម្តងរួចមកហើយ។ ចំពោះកាយវិការទាំងនោះបង្ហាញឱ្យឃើញអំពីកិច្ចសហការវាងក្រុមហ៊ុនវិនិយោគ និងរដ្ឋបាលខេត្តកំពតមានទំនាក់ទំនងកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីស៊ីណូហាយដ្រូ(Sinohydro)កំចាយ ក៏បានសម្តែងការជឿជាក់ ហើយសម្រាប់ខេត្តកំពតនាឆ្នាំ២០២០ខាងមុខឆ្នាំនេះ នឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ដែលលទ្ធផលទាំងនេះស្តែងចេញពីការខិតខំរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតទាំងមូល និងបានសង្ឃឹមផងដែរថា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ខេត្តកំពតនឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ព្រមទាំងអ្នកវិនិយោគទុនមករកស៊ីនៅក្នុងខេត្តកំពតកាន់តែច្រើនឡើងៗ៕