(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានបង្ហោះសារ អរគុណសន្តិភាព! ដែលបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នៅយប់មិញនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងក្នុង និងក្រៅប្រទេស។
សម្តេចតេជោសង្កត់ធ្ងន់ថា ដោយសារសុខសន្តិភាពនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។
ជាមួយគ្នានេះ សម្តេចតេជោក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចក៏បានជូនពរដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី ២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០២០ កាលពីយប់មិញក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងទាំង នៅក្នុង និងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះ បានគឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០ នេះជួបតែសេចក្តីសុខ សេចក្តីចម្រេីន សំណាងល្អ ជាមួយនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។