(ខេត្តកំពត)៖ ធុងចម្រោះទឹកស្អាតចំនួន១៥០ធុងដែលជាជំនួយរបស់សប្បុរសជនពីប្រទេសសាំងហ្គាពួរ ផ្ដល់តាមរយៈសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ត្រូវបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ក្នុងឃុំត្រពាំងសង្កែស្រុកទឹកឈូខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីនេះ ស្ថិតក្រោមវត្តមាន លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត លោកស្រី យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ភូ លិ អភិបាលរងខេត្តតំណាង លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរដែនដីផងដែរ។
ក្នុងឱកាសនោះ លោក ភូ លិ អភិបាលរងខេត្ត បានថ្លែងអំណរគុណកោតសរសើរ ចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់ម្ចាស់ជំនួយរួមនិងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ដែលបានសហការគ្នានាំយកនូវធុងចម្រោះទឹកស្អាតមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដោយបានចាត់ទុកសកម្មភាពទាំងនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ដែលតែងតែយកចិត្តទុកដាក់នូវសុខមាលភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកស្រី យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត ក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះផងដែរ ដោយបានលើកឡើងបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញលើ ផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល។
ដោយផ្ដើមចេញពីសមិទ្ធផលនៃសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិហើយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពសំខាន់ៗក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពផ្សេងៗ ក្នុងនោះ មានពាក់ព័ន្ធលើវិស័យអនាម័យនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទផងដែរ ដែលត្រូវបានរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់។
លោកស្រី យ៉យ នីតា និង លោក ម៉ាត់ សេតក៏បានចាត់ទុកការនាំនូវសម្ភារៈធុងចម្រោះទឹកស្អាតដែលជាជំនួយឧបត្ថម្ភរបស់សប្បុរសជននៃប្រទេសសាំងហ្គាពួរ នាពេលនេះគឺជាកាយវិការដ៏ប្រពៃក្នុងកិច្ចការសង្គមដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ខ្ពស់នូវសុខភាពអនាម័យជនបទ នៅក្នុងគោលដៅកិច្ចខិតខំប្រឹងប្រែងដើម្បីសុខុមាលភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា ការចែកអំណោយធុងចម្រោះទឹកស្អាតដែលជាអំណោយសប្បុរសធម៌របស់ប្រទេសសាំងហ្គាពួរនាពេលនេះគឺជាលើកទី៨ ហើយ ដែលមានធុងសារុបចំនួន១២០០ធុង មានតម្លៃស្មើនឹង៣៦.០០០ដុល្លារ បានចែកជូនប្រជាពលរដ្ឋសរុបចំនួន១២០០គ្រួសារក្នុងឃុំមួយចំនួននៃស្រុកទឹកឈូ ខេត្តកំពត និងឃុំមួយចំនួនទៀតក្នុងខេត្តកែបផងដែរ៕