(ខេត្តកំពត)៖ នេះចាត់ទុកជាសំណាងមួយ ក្នុងមួយមុឺនគ្រោះថ្នាក់ ខណៈរថយន្តដឹកឥដ្ឋបើកគេចរឺម៉កម៉ូតូមួយគ្រឿង ហើយក្រឡាប់ធ្លាក់ដុំឥដ្ឋរប៉ាត់រប៉ាយពេញផ្លូវ ប៉ុន្តែសំណាងល្អពុំបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយដោយហេតុការណ៍នេះបានកើតឡើងត្រង់ចំណុច មុខស្នាក់ការគណបក្សប្រជាជនស្រុកកំពង់ត្រាច ក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១ នាវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។
រថយន្តដែលក្រឡាប់បង្កភាពភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងព្រឹកព្រលឹមអុរនេះ ជាប្រភេទរថយន្តដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1656 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។
តាមការរៀបរាប់ពីអ្នកបើកបររថយន្តសុំលាក់ឈ្មោះ បានរៀបរាប់ថា មុនពេលកើតហេតុគាត់បានបើកបររថយន្តដឹកឥដ្ឋយកទៅដាក់ឱ្យម៉ូយដែលគេកម្ម៉ង់ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់មុខខ្លោងទ្វារវត្តរាជលំពូនៃចំណុចកើតហេតុ ក៏មានម៉ូតូរឺម៉កមួយគ្រឿងបើកចេញពីផ្លូវលំចំណុចខ្លោងទ្វារវត្ត ហើយបត់នៅមុខរថយន្តដោយខ្វះការប្រុងប្រយ័ត្ន។ឃើញស្ថានភាពបែបនេះគាត់ក៏ជាន់ហ្វ្រាំងទាំងបង្ខំ ទើបបណ្តាលឱ្យរថយន្តផ្អៀងក្រឡាប់ចាក់ឥដ្ឋចោលពេញផ្លូវបែបនេះតែម្តង។ចំណែកម៉ូតូបានបង្កើនល្បឿនទៅមុខបាត់ស្រមោលឈឹង។
ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានទាក់ទងហៅរថយន្តស្ទូច មកស្ទូចរថយន្តដើម្បីយកទៅឱ្យជាងជួសជុលវិញ៕