សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងពីស្ថានភាពសុខភាពម្តាយក្មេករបស់សម្តេច និងបានមានប្រសាសន៍ទាក់ទងនឹងការសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លាដើម្បីបន្តកសាងអគារមន្ទីរពេទ្យកាលម៉ែត្រ ដោយសម្តេចបានរៀបរាប់លើគណនីហ្វេសបុកថា៖ ” បីថ្ងៃរួចមកហើយដែលខ្ញុំមក កំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មីនិងអាគារដែលមានរួចមកហើយ។ ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លាដើម្បីបន្តកសាង អាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លា។
សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លាគិតត្រឹម ម៉ោង៤ល្ងាចថ្ងៃ២៤វិច្ឆកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្ម មន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជា មន្ទីរបង្អែករបស់ជាតិកម្ពុជាយើង។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែល បានចូលតាមការអំពាវនាវរបស់ខ្ញុំតាម ពាក្យស្លោក(បរិច្ចាកដើម្បីជួយដល់ជិវិតមនស្ស)។ ខ្ញុំសូមអរគុណនិងកោតសសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ សមម្តាយក្មេកខ្ញុំបានលាចាកលោកនេះ តាំងពីថ្ងៃម្សិលមិញមកម្លេះព្រោះនៅឯ គេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យ នោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្ត រស់នៅជាមួយកូនចៅមួយរយៈទៀត៕