(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាងឲ្យ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងលោកស្រី សោម សេរីវឌ្ឍន៍ នាយិកាស្តីទីនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា ព្រមទាំង លោកស្រី ថុង ធារី អនុប្រធានកិត្តិយស សាខាកាកបាទក្រហម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ បានចូលរួមដោយជោគជ័យ ការបោះជំរំយុវជននៅសហគមន៍ត្រពាំងសង្កែ ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានដើម្បីសុវត្ថិភាពសហគមន៍” និងចូលរួមដាំកូនកោងកាង ចំនួន១០០០ ដើម និងដើមចាកចំនួន២០០ដើម ហើយពិធីនេះក៏មានការចូលរួមពី ប្រតិភូកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហម មកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត សរុបប្រមាណ១២០នាក់។
ក្នុងឱកាសនេះដែរ លោកសនរី លាង ហៃ ជាវតាយ បានសំណូមពរដល់កាកបាទក្រហមកម្ពុជាបន្តបង្កើតកម្មវិធីបោះជំរំនេះបន្ថែមទៀតនៅតំបន់ធម្មជាតិផ្សេងៗ ដោយមានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជាឱ្យបានច្រើនកុះករដើម្បីជាស្មារតីនៃការសាមគ្គីភាពនិងដកស្រង់បទពិសោធន៍ពីមូលដ្ឋាននានា។ ការបោះជំរំនេះមិនត្រឹមតែជាការផ្តល់ចំណេះដឹង និងចំណេះធ្វើនោះទេថែមទាំងបង្រៀនឱ្យយុវជនចេះជួយយកអាសារគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិតែមួយ ដោយមិនមានការរើសអើងនយោបាយ ពណ៌សម្បុរ និងសាសនាឡើយ។ ជាពិសេសចេះអំពីការពិចារណា ធ្វើការជាក្រុមធ្វើសេចក្តីសម្រេចចិត្តដោយសមូហភាព និងមានទំនួលខុសត្រូវក្នុងស្មារតីពង្រឹងនិងពង្រីក សមត្ថភាព សាមគ្គីភាព។
ជាមួយនេះ លោកស្រី ក៏បានផ្តាំផ្ញើក្មួយៗយុវជនទាំងអស់រក្សានូវអាកប្បកិរិយាល្អប្រកបដោយភាពវិជ្ជមានរបស់ខ្លួនចំពោះយុវជនដទៃទៀត ដើម្បីទទួលបានការគោរពស្រលាញ់ពីអ្នកទាំងនោះ និងសង្ឃឹមយ៉ាងមុតមាំថាក្មួយៗនឹងណែនាំយុវជនដទៃទៀតឱ្យបានស្គាល់ពីរបៀបរស់នៅជាក្រុម និងធ្វើការជាក្រុម៕