(កំពង់ចាម)៖ មន្ដ្រីនគរបាលជាតិ ចំនួន១៨១នាក់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយខិតខំប្រឹងប្រែងបំពេញការងារតាមមុខជំនាញរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងទៅ។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការស្រុក ក្រុងទាំង១០ សរុបចំនួន៣៥០នាក់ ស្រី៤៥នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ខិតខំប្រឹងប្រែងបំពេញទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ពិសេសការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ និងទប់ស្កាត់សកម្មភាពផ្សេងៗ ដែលអាចពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល វិធានការជំនាញដែលបានប្រើប្រាស់នាពេលកន្លងមក រហូតលទ្ធផលការងារទទួលបានជោគជ័យនេះ មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់កម្លាំងនគរបាលទាំងអស់បាននោះឡើយ ហើយកុំភ្លេចត្រូវយកបទពិសោធន៍នេះ ទៅអនុវត្តនៅពេលក្រោយទៀត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏មិនភ្លេចផ្ដាំផ្ញើ និងក្រើនរំលឹកដល់មន្ដ្រីនគរបាលដែលទើបទទួលបានការតែងតាំងថ្មី ត្រូវយកតួនាទីនេះ ទៅបម្រើប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយការទទួលខុសត្រូវ និងដើម្បីឲ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕