ខេត្តបាត់ដំបង ៖ គ្រួសារមួយ
ដែលមានសមាជិកចំនួន ដែល ៦ នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែង រួមជាមួយសាច់ញាតិជាច្រើននាក់ ដែលបានរងរបួស ខណៈជនរងគ្រោះកំពុងអង្គុយសំណេះសំណាលគ្នានៅក្នុងផ្ទះ ហើយត្រូវរន្ទះបាញ់មកលើពួកគាត់ ចំថ្ងៃភ្ជុំធំ ។
លោកវរសេនីយ៍ទោ ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ២០ នាទី ព្រលប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបឹងធ្មួយ ក្នុង ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយរន្ទះបានបាញ់សម្លាប់ មនុស្ស ១ គ្រួសារ ស្លាប់យ៉ាងអាណោចអាធ័ម សរុបគឺស្លាប់ភ្លាមៗ ចំនួន ៦ នាក់ នៅនឹងកន្លែង និងរងរបួស ៤ នាក់ ។
លោកអធិការ បានបន្តថា នៅពេលកើតហេតុ មានភ្លៀងរលឹមស្រិចៗ បន្ទាប់មកមានស្នូររន្ទះមួយបានលាន់ឮឡើងប្រៀបដូចជាសម្លេងផ្ទុះគ្រប់បែក ធ្វើឲ្យមនុស្សមួយក្រុមដែលកំពុងជួបជុំគ្នានោះ ដួលដេករដូករណែល ដោយខ្លះនៅមានដង្ហើម ឯខ្លះទៀតបានបាត់បង់ជីវិតបាត់ទៅហើយ ។
ជនរងគ្រោះដែលស្លាប់ ដោយករណីគ្រោះធម្មជាតិនេះគឺ ១.ឈ្មោះ យ៉ុម ញ៉ឹក ភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះរស់នៅត្រង់ចំណុចកើតហេតុខាងលើ ២.ឈ្មោះ ជា សុខណា ភេទស្រី អាយុ ៥៦ ឆ្នាំ ត្រូវជាប្រពន្ធ ៣.ឈ្មោះយ៉ុម ចរិយា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាកូនបង្កើត ៤.ឈ្មោះ យ៉ុម រ៉ាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនបង្កើត ៥.ឈ្មោះ ធី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅខេត្តបាត់ដំបង និង ៦.ឈ្មោះ អន វិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង ។
ដោយឡែកអ្នកដែលរងរបួស កំពុងស្ថិតក្នុងការសង្គ្រោះពីក្រុមគ្រូពេទ្យគឺ ១ .ឈ្មោះ វឿន វុត្ថា ភេទប្រុស អាយុ៤១ឆ្នាំ រស់ខេត្តបាត់ដំបង ២ .ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង ៣ .ឈ្មោះ ហួត ហុង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅខេត្តបាត់ដំបង និង ៤. ឈ្មោះ ឃឿត សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ។
បើទោះបីជាករណីនេះបានកើតឡើងដោយសារគ្រោះធម្មជាតិ ក៏ដោយ ក៏នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញានេះ កម្លាំងជំនាញ នៃការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ បានចុះទៅពិនិត្យផងដែរ ៕
ប្រភព៖ កម្ពុជាថ្មី