(ខេត្តកែប)៖ ដើម្បីមានមូលដ្ឋានជាគន្កឹះក្នុងការដោះស្រាយនិងលើកជាផែនការយុទ្ធសាស្ត្រឲ្យបានជាក់លាក់ ក្នុងទិសដៅជំរុញការងារ ប.ជ.ស ពិសេសអាចធានានិរន្តរភាពក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ យើងត្រូវបែងចែកជូនប័ណ្ណសមាជិក ប.ស.ស ជូននិវត្តជនឲ្យបានទាន់ពេលវេលា និងឆាប់រហ័សបំផុត។
ការថ្លែងបែបនេះ ជាប្រសាសន៍របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គមរបស់មន្ត្រីរាជការសីុវិល នៅខេត្តកែប នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ដោយពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ផងដែរ។
លោក វង សូត បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងមកយើងពិនិត្យឃើញថា ប.ជ.ស បានយកចិត្តទុកដាក់ក្នុងការបម្រើរបបសន្តិសុខសង្គមជូនសិទ្ធិវន្តយ៉ាងល្អប្រសើរ ដោយក្នុងនោះបានពង្រឹងនិងអភិវឌ្ឍការបម្រើសេវារបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិលតាមប្រព័ន្ធធនាគារ និងបានសហការយ៉ាងយកចិត្តទុកដាក់ជាមួយ ប.ស.ស ក្នុងការចែកជូនប័ណ្ណសមាជិក ប.ស.ស ជូនដល់និវត្តជន និងជនបាត់បង់សម្បទា វិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការសីុវិល នៅទូទាំង២៥ រាជធានី ខេត្ត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជំរុញទិសដៅផ្តោតលើចំណុចសំខាន់មួួយចំនួន ដូចជាពង្រឹងការអនុវត្តនីតិវិធីនៃការដាក់មន្ត្រីរាជការសីុវិលឲ្យចូលនិវត្តន៍ ឬបាត់បង់សម្បទាវិជ្ជាជីវៈ និងការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនសិទ្ធិវន្តឲ្យបានទាន់ពេលវេលាក្នុងមួយខែពីរដង ដោយស្មារតីទទួលខុសត្រូវ ហើយពង្រឹងយន្តការនៃការផ្ទេរសិទ្ធិជូននិវត្តជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺ និងចាស់ជរា ដែលមិនអាចទៅបើកប្រាក់សោធនប្រចាំខែតាមធនាគារនៅរាជធានី ខេត្ត ឲ្យមានប្រសិទ្ធភាព។
ត្រូវពន្លឿននីតិវិធី នៃការរៀបចំប្រាក់របបសន្តិសុខសង្គមសម្រាប់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលទទួលមរណភាព និងត្រួតពិនិត្យលើការបើកប្រាក់សោធនប្រចាំខែដែលនៅសល់ក្នុងគណនីរបស់សពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈជូនគ្រួសារសពឲ្យបានឆាប់រហ័សបំផុតតាមអ្វីដែលអាចធ្វើបាន។
ត្រូវពង្រឹងការគ្រប់គ្រងទិន្នន័យនិវត្តជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកម្មករក្នុងបន្ទុកនៅតាមរាជធានីខេត្តឲ្យបានច្បាស់លាស់ ដោយសហការជាមួយមន្ទីរ ស.អ.យ ។ត្រូវត្រួតពិនិត្យឡើងវិញលើតាវកាលិកគ្រោះថ្នាក់ការងារតាវកាលិក មាតុភាព និងតាវកាលិកមរណភាពសម្រាប់មន្ត្រីរាជការសីុវិលដែលពុំទាន់បានអនុវត្ត។ត្រូវសិក្សារៀបចំផែនការជាក់លាក់ក្នុងការដំឡើងប្រាក់សោធនដោយមានយន្តការត្រឹមត្រូវ ពោលគឺត្រូវមានទស្សនវិស័យវែងឆ្ងាយ ដើម្បីឲ្យប្រាក់សោធនខ្ពស់ និងទាបអាចខិតជិតគ្នាបាន។ត្រូវបន្តសហការដោយយកចិត្តទុកដាក់ជាមួយ ប.ស.ស ក្នុងការចែកជូនប័ណ្ណសមាជិកនេះ ជូនដល់និវត្តជន និងជនបាត់បង់សម្បទា វិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការសីុវិលឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស៕