បើកបររថយន្ដក្នុងស្ថានភាពងងុយដេក រេចង្កូតទៅបុករ៉ឺម៉កកង់បី បណ្ដាលក្រឡាប់ធ្លាក់ផ្លូវ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង១៥នាក់រងរបួស
(ខេត្តសៀមរាប)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កដោយរថយន្ដស៉ាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បើករេចង្កួតទៅបុករ៉ឺម៉កកង់បី ដែលចតបញ្ច្រាសទិសគ្នា បណ្ដាលឲ្យប្រឡាប់ធ្លាក់ផ្លូវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្ដស៉ាំយ៉ុង ដឹកនាំអ្នកដំណើរ ពាក់ស្លាកលេខ 2M-4406 បើកបរពីទិសខាងកើត ទៅទិសខាងលិច បានរេចង្កូតទៅបុករ៉ឺម៉កកង់បីកែឆ្នៃ ដែលឈប់ចតស្របទិសគ្នា បណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ទៅទិសខាងត្បូងផ្លូវជាតិ រីឯរ៉ឺម៉កធ្លាក់ផ្លូវទៅទិសខាងជើង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល១៥នាក់ ខណៈមូលហេតុបណ្ដាលមកពី អ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយដេក ដែលរថយន្ដនេះធ្វើដំណើរមកពីខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ហើយអ្នកបើកបរក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ៕
ន់