(ភ្នំពេញ)៖ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរបក្សខណ្ឌព្រែកព្នៅ បានរៀបចំពិធីប្រកាសសេចក្តីសម្រេច និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោក រស់ សូផាន់ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ។
ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌព្រែកព្នៅ មានតួនាទីលើកកម្ពស់ កិច្ចសហការសម្របសម្រួល ក្នុងការដោះស្រាយ បញ្ហានានា ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្សាភ្ជាប់រវាងរាជរដ្ឋាភិបាល ជាមួយនឹងប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព គោលនយោបាយ តាម វិស័យដូចជាសភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់សភាពការណ៍នៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក្រុមការងារក៏មានតួនាទីសហការជំរុញ លើកកម្ពស់ការទទួលខុសត្រូវ គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព តាមរយៈការត្រួតពិនិត្យតាមដាន និងគាំទ្រការ អនុវត្តកម្មវិធីគម្រោងផែនការ សកម្មភាពនានានៅតាមូលដ្ឋាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រុមការងារនេះក៏បានដើរតួនាទី សហការរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់ និងសហការដោះស្រាយនូវរាល់សំណើរ និងសំណូមពរ បញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
លោក ឃួង ស្រេង បានបន្ថែមថា ក្រុមការងារទាំងអស់ ត្រូវដឹង ត្រូវយល់បានច្បាស់ ត្រូវធ្វើការងារឲ្យចេះថ្លឹងថ្លែងឲ្យច្បាស់ បើបក្សដកហូតតួនាទីហើយ ច្បាស់ជានៅតែខោខ្លីមិនខាន។ ហេតុដូច្នេះក្រោមការដឹកនាំរបស់សម្តេចេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតក្រុមការងារថ្នាក់ជាតិនេះមួយទៀត ដោយឲ្យយើងទាំងអស់គ្នាចុះមូលដ្ឋាន ចុះក្តាប់នូវសេចក្តីត្រូវការរបស់ប្រជាពលដ្ឋ ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។ យើងមានហើយសន្តិភាព ប៉ុន្តែអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវស្វែងរកសន្តិសុខឲ្យល្អជូនប្រជាពលរដ្ឋ ឲ្យស្របនឹងស្រុកទេសមានសន្តិភាព ដែលនេះជាកិច្ចការងារដំបូលបំផុតដែលត្រូវធ្វើ គឺសន្តិសុខល្អ។
ជាមួយគ្នានេះ លោកក៏បានស្នើឲ្យក្រុមការងារ ក៏ដូចជាអាជ្ញាធរគ្រប់កន្លែង ត្រូវទទួលយកក្រុមភ្ញាក់រលឹក ចុះចូលជាមួយរាជរដ្ឋាភិបាល អ្នកចង់មករួមរស់ជាមួយយើងវិញ សូមទទួលយកគេទៅ សុទ្ធតែខ្មែរយើងទេ គេមានការភ្ញាក់រលឹក ដើម្បីរួមរស់សុខដុមរមនីយកម្មជាតិតែមួយទេ ប៉ុន្តែត្រូវលុបបំបាត់ឲ្យបាននូវការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រោះនេះជាកាតព្វកិច្ចរបស់យើង ដើម្បីអនាគតកូនខ្មែររបស់យើងជំនាន់ក្រោយ។
លោក ឃួង ស្រេង ក៏បានលើកឡើងពីផែនការ និងទិសដៅផ្សេងៗ ទៅដល់ក្រុមការងារទាំងអស់ ត្រៀមបំពេញបេសកកម្មចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហានានា ជូនពួកគាត់នៅខាងមុខ។ លោកបានជំរុញឲ្យក្រុមការងារទាំងអស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់លើ និងដាក់បញ្ហាទាំងនោះនៅលើតុ រួមគ្នាដោះស្រាយ ចៀសវាងការមើលបំណាំការរិះគន់ និងចោទគ្នាទៅវិញទៅមកនោះឡើយ។
យោងតាមសេចក្តីសម្រេច ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់ទាំង៥ ខណ្ឌព្រែកព្នៅ រួមមាន៖ ទី១៖សង្កាត់គោករកា មានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន, ទី២៖សង្កាត់ពន្សាំង ដែលមានលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ជាប្រធាន, ទី៣៖សង្កាត់ពញាពន់ លោក ពូ សាមុតឌី មេបញ្ជាការភូមិភាគពិសេស ជាប្រធាន, ទី៤៖សង្កាត់ព្រែកព្នៅ លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធាន និងសង្កាត់សំរោង ដែលមានលោក សេង វណ្ណៈ នាយរដ្ឋបាលសាលារាជធានី ជាប្រធាន។ អមដោយក្រុមជំនួយការ១៨រូបទៀត ដោយមានលោក ជា វិរៈ អភិបាលរងខណ្ឌព្រែកព្នៅ ជាប្រធានក្រុមផងដែរ៕