ភ្នំពេញ ៖ នាល្ងាចថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានទទួលទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ១០.០០០.០០០ រៀល ពីសម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាចំពោះមុខព្រះភ័ក្ត្ររបស់ព្រះអង្គថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា៕