រាជធានីភ្នំពេញ ៖ លំនៅឋានស្តង់ដារជប៉ុនទីមួយនៅកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុង និងមានតម្លៃសមរម្យបានប្រកាសចាប់ផ្តើមបើកលក់ហើយ ចាប់ពីថ្ងៃនេះតទៅ។
លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រហាក់ប្រហែលជា ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូលទាប និងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅកណ្តាលក្រុងភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៩ តុលា ឆ្នាំ២០១៩ នៅលំនៅឋានអារ៉ាខាវ៉ា ផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា “លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឲ្យប្រជាជនកម្ពុជា ដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋាន ខុនដូរបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូទំនើប កណ្តាលទីក្រុងភ្នំពេញហ្នឹងគេ” ។
នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម” ។
លោក អៀង សុធារ៉ា បានបន្ថែមថាអតិថិជនដែលទិញយូនីត ក្នុងលំនៅឋានអារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិតកូនតចៅ។
។
Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថាជាលំនៅឋានស្តង់ដារជប៉ុនទីមួយ នៅកម្ពុជា ដែលបានក្លាយទៅជាគម្រូនៃលំនៅឋាន ឬសំណង់អគារនានាដែលមានស្តង់ដារជប៉ុនពិតប្រាកដ ជាពិសេស បច្ចេកទេសសំណង់ទាំងមូល និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ និងប្រព័ន្ធទឹកលូ ជាដើម ដើម្បីបញ្ចៀសនូវក្តីកង្វល់ដល់ម្ចាស់ផ្ទះដែលបានទិញរួច។
Arakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុន ក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការបស់អតិថិជនយកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជនអាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលោះដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែចាប់ពី២៧៣ដុល្លារឡើងទៅ។
Arakawa Residence សាងសង់លើផ្ទៃដីជាង១,៣ ហិចតា នៅដំណាក់កាលទី១ មានចំនួន១០អគារ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។ រាល់ផ្ទះទាំងអស់បែរមុខទៅទិសខាងជើង និងទៅខាងត្បូង ដើម្បីងាយស្រូលក្នុងការស្រួបយកពន្លឺ និងខ្យល់អាកាសគ្រប់រដូវកាល។
Arakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជិតផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀននិងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើដំណើរឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើងទៅ អាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោឬ ផ្ទះមានពីរបន្ទប់។
Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុងឆ្នាំក្រោយ ឆ្នាំ២០២០។ បច្ចុប្បន្ន លំនៅឋានអារ៉ាខាវ៉ាសង់បានដល់១៥ជាន់ហើយ ហើយនឹងក្លាយជាទីតាំងដ៏សំខាន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។
ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរនិងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសាងសង់ និងដាក់ឲ្យដំណើរការរួចមកហើយអាផាតមិន ដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វា ៕