ជនសង្ស័យម្នាក់ ឃើញម្ចាស់គេមិននៅលួចម៉ូតូZoomer-X ដែលគេបំពាក់GPS ចុងក្រោយជាប់ខ្នោះរបស់នគរនាលប៉ុស្តិ៍បឹងត្របែក
ដោយ៖ អែល វិចិត្រ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូជនរងគ្រោះដែលទុកនៅមុខបន្ទប់ជួល បានសម្រេចហើយព្យាយាមរត់គេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ៨៨ ផ្លូវលេខ៩៥ ក្រុម១១ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈន ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្បែរគ្នា ។ ចំណែកជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូម៉ាកZoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 (ប្រគល់ឲ្យជនរងគ្រោះវិញ)។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាក Zoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 នៅមុខបន្ទប់ជួល ដោយបានចាក់សោ.កត្រឹមត្រូវ រួវបានចេញទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិ ស្រាប់តែត្រឡប់មកវិញ បាត់ម៉ូតូតែម្តង ក៏ប្រញាប់ប្រាប់ម្ចាស់ផ្ទះជួលឆែកមើលកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យលួចយកជិះចេញទៅបាត់ តែដោយសារម៉ូតូជនរងគ្រោះដាក់ GPS ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនតាមរក ក៏ឃើញម៉ូតូរបស់ខ្លួននៅមុខសណ្ឋាគារ PBC ទាល់មុខរដ្ឋសភា ឈប់នៅទីនោះ ទើបជនរងគ្រោះចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក ធ្វើការឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕