គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់ នៅភ្នំពេញ
(ថ្ងៃទី 28 July 2020 ម៉ោង 9:30 am)
ភ្នំពេញ: កាលវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិន បើករថយន្ត១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿង ហើយខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់។
ករណីនេះ បណ្ដាលឲ្យភាគីម៉ូតូឌ្រីមសង់ ស្លាប់ម្នាក់ និងរបួសធ្ងន់ និងខាងម៉ូតូ ZOOMERX របួសស្រាល ចំណែកម៉ូតូ រងការខូចខាតខ្ទេចទាំងស្រុង រីឯរថយន្តបង្ក ខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង រួញចូលក្នុង និងបែកកញ្ចក់ធ្លាក់រាយប៉ាយពេញផ្លូវ។ ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានខាងរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣។
រថយន្តបង្កម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1698 បើកបរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នរេចង្កូតមកបុកពេញទំហឹង លើម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-2098 ជិះគ្នាចំនួនពីរនាក់ ក្នុងទិសដៅពីលិចទៅកើត ធ្វើឲ្យខ្ទាតទៅប៉ះម៉ូតូ ១គ្រឿងទៀត ម៉ាក ZOOMERX ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-8613 ជិះម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ។
ក្រោយកើតហេតុនេះ ម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយពេលក្រោយ ចំណែកសព ដោយសារមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវជំនាញឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕