(ខេត្តកំពត)៖ កាលពីរសៀលចុងសប្តាហ៍កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រី លាង ហៃជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅផ្តល់ជូនជនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១៤៣ គ្រួសារ នៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តរកា ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
នាឱកាសនោះ លោកស្រីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នជំងឺកូវីដ១៩ នៅលើពិភពលោក មិនទាន់ភូមិស្ដៅនៅឡើយដូច្នេះលោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធី
កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។
៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។
ចំពោះអំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្កសរ១គីឡូក្រាម ធុងទឹកជ័រចំណុះ១៤លីត្រ ១ ម្រេច១កញ្ចប់តូច អាវយឺត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕