(ខេត្តកំពត)៖ មានករណីគ្រោះចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់រួមនិងកូនស្រីអាយុប្រហែលជា៦ឆ្នាំម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ខណៈរថយន្តក្រឡុកស៊ីម៉ងត៍ម៉ាក SHACMAN ពណ៌ស បុកពេញទំហឹង ហើយកិនពីលើ ទើបបណ្តាលឲ្យស្ត្រីមានផ្ទៃពោះ និងកូនស្រីតូចអាយុប្រែល៦ឆ្នាំ ស្លាប់ភ្លាមៗ គរឲ្យសង្វេគ។
ហេតុកការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទី រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលទឹករលក(ខាងលិចស្ពានថ្មី) នៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបគ្រោះថ្នាក់ គេឃើញរថយន្តបង្កម៉ាក Shacman ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F- 0923 បើកមកពីពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាកស្កុបពីពណ៌សពាក់ផ្លាកលេខកំពត1Q-8833 បើកបរដោយស្ត្រីរងគ្រោះនិងរួមដំណើរជាមួយកូនស្រីក្នុងទិសដៅស្របគ្នា ហើយរថយន្តបង្កក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ហើយកិនពីលើ បណ្តាលឲ្យស្ត្រីនិងកូនដែលជិះលើម៉ូតូស្លាប់យ៉ាងអណោចអធ័មតែម្តង។
ប្រភពដដែលបានបញ្ជាក់ថា អ្នកបើកបរសមត្ថកិច្ចមិនទាន់បានបង្ហាញអត្តសញ្ញាណទេ ប៉ុន្តែត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាលយ័ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរនិងពិនិត្យសំណុំឯកសារផ្សេងៗពាក់ព័ន្ធនឹងការបើកបរបង្កគ្រោះថ្នាក់។
ទាក់ទិននឹងកេណីគ្រោះថ្នាក់ខាងលើឭ សមត្ថកិច្ចនគរបាលចរាចរខេត្ត បានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ សេង កក្កដា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត និងកូនស្រីម្នាក់រួមដំណើរមិនស្គាល់អត្តសញ្ញាណអាយុប្រហែល៦ឆ្នាំ ដែលស្លាប់ជាមួយម្តាយដែលមានផ្ទៃពោះខាងលើ។
បន្ទាប់ពីសមត្ថកិច្ចចរាចរណ៍ខេត្តធ្វើការពិនិត្យវាស់វែងកន្លែងកើតហេតុរួចមក ក៏បានទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់សាកសពស្ត្រីរងគ្រោះនិងសពកូនយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្កនិងអ្នកបើកបរសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕