ផឹកស្រាស្រវឹងជុំគ្នាទាស់ពាក្យសម្តី រហូតប្រើហឹង្សារបួសស្នាម ត្រូវជនសង្ស័យជាកូនរត់មកជួយ វាយមួយដំបងឬស្សីធ្លាយខួរស្លាប់ នៅស្រុកភ្នំក្រវាញ
(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានជនសង្ស័យវាយនឹងដំបងឬស្សី បណ្តាលឱ្យធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយផឹកស្រាស្រវឹង ឈ្លោះជាគ្នាជាមួយឳពុកជនសង្ស័យ បង្កឱ្យមានរបួសស្នាម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន រីម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ រីឯជនសង្ស័យមានឈ្មោះ ធូ ធុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាកូនរបស់ នឿន ធូ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
សេចក្តីរាការណ៍បន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ុន រីម បានបបួលឈ្មោះ នឿន ធូ មកផឹកស៊ីជាមួយគ្នានៅផ្ទះរបស់ខ្លួន។ ពេលផឹកស្រាស្រវឹងជោគជាំ ជនរងគ្រោះ ឈ្មោះ ស៊ុន រីម បានទាស់ពាក្យសម្តី ជាមួយឈ្មោះ នឿន ធូ រហូតដល់ប្រើហឹង្សា បណ្តាលឱ្យបាក់ដៃស្តាំ របស់ឈ្មោះ នឿន ធូ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ។ ក្រោយទទួលដំណឹងដូច្នេះ ជនសង្ស័យឈ្មោះ ធូ ធុន ជាកូនរបស់ឈ្មោះ នឿន ធូ បានទៅជួយឳពុក និងបានយកដំបងឬស្សី វាយទៅលើក្បាលជនរងគ្រោះឈ្មោះ ស៊ុន រីម បណ្តាលឱ្យបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចគេខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបន្តថា មូលហេតុដែលឈានដល់ករណីឃាតកម្ម វាយនឹងដំបងឬស្សីបណ្តាលឱ្យស្លាប់នេះ គឺដោយសារ ផឹកស្រាស្រវឹងទំនាស់ពាក្យសម្តី បង្ករហឹង្សា រួចជនសង្ស័យជាកូនរត់មកជួយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានកោសល្យវិច្ច័យ និងធ្វើការវាស់វែង ប្រគល់សាកសពជនរងគ្រោះ ឱ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមុខសញ្ញាជនដៃដល់ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនចាត់ការតាមនីតិវិធី៕