(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ក្រោយមានករណីនាំចូលជំងឺកូវីដ១៩ ពីប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១៥នាក់ទៀត។
តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឱ្យសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ១៥នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់ឱ្យព្យាបាលជាបន្ទាន់»។
សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះ ហើយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុលជាប្រចាំ ហើយត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។
«ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តឱ្យបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលឱ្យបានខ្ជាប់ខ្ជួន»។
សម្តេចបានជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត ជាករណីនាំចូល។ បុរសទាំង ១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕