ខេត្តបាត់ដំបង ៖ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ស្រុកកំរៀងនិងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាមេបញ្ជាការរងនគរបាល ជាតិភូមិភាគទី៥ បានដឹកនាំលោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យជំនាញ ព្រមទាំងមន្ត្រីនគរបាល ចំណុះស្នងការដ្ឋាន សាកសួរសុខទុក្ខកងកម្លាំង នគរបាល ក្នុងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៨១៩និងលេខ៨១៧ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង ទាំងអស់ នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ នាពេលដ៏ខ្លីខាងមុខនេះ ។
មានមតិសំណេះសំណាលជាមួយកងកម្លាំងនគរបាលនាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោបានសម្តែងនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះកងកម្លាំងនគរបាលជាតិ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងនគរបាលវរ:ព្រំដែនទាំងអស់ ដែលបានខិត ខំបំពេញ ភារកិច្ច បម្រើជាតិមាតុភូមិ ការពារបាននូវបូរណភាពទឹកដី ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពល រដ្ឋនៅមូល ដ្ឋានផងដែរ ។
ឯកឧត្តម បានបន្តថា ពីពេលនេះទៅមុខនគរបាលយើងត្រូវបន្តខិតខំបំពេញភារកិច្ចនេះជាបន្តទៀត ហើយត្រូវការពារឲ្យបាននូវបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្រប ច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយត្រូវប្រឆាំងដាច់ខាតជាមួយពួកក្បត់ជាតិដែលមានបំណង និងមហិច្ឆិតាធ្វើបដិវត្តន៍ព៌ណ ចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលយើងកំពុងមានដូចពេលបច្ចុប្បន្ននេះ។ នគរបាលត្រូវដេីរតួជាស្នូលក្នុងការអនុវត្តនូវកម្មវិធី គោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាពនៅមូលដ្ឋាន។
ឯកឧត្តម បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវថែរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងជាមួយកងកម្លាំងនគរ បាលដូចគ្នាព្រមទាំងជាមួយកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលមានសកម្មភាព ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់យើងទប់ស្កាត់រាល់បទល្មេីសគ្រប់ប្រភេទដូចជាករណីឆ្លងដែនដោយខុសច្បាប់ ការជួញដូរគ្រឿងញៀន ជាដេីមក្រៅពីនោះត្រូវគោរព បាននូវតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ជាមួយនេះដែរកងកម្លាំងនគរបាលយើងត្រូវថែរក្សាបាននូវសុខភាពរបស់យេីង ទាំងការរស់នៅស្អាត ការហូបចុកស្អាត ប្រកបដោយអនាម័យល្អ ។
ឯកឧត្តមបាននាំយកនូវថវិកា សម្ភារ:គ្រឿងឧបភោគ បរិភោគជាអំណោយដថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនបញ្ជាការដ្ឋានវរសេនា តូចនគរបាល ការ ពារព្រំដែនគោក ព្រមទាំងកងកម្លាំងនគរបាលចំណុះវរ:ព្រំដែននាពេលនេះផងដែរ៕