(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩នេះ បានអញ្ជើូជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តកំពតដែលកម្មវិធីនេះធ្វើឡើងនាសាលប្រជុំសាលាខេត្ដដោយមានការចូលរួមពីលោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកផងដែរ។
នៅក្នុងឱកាសនោះលោកវ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងអំពីស្ថានភាពមន្ត្រីរាជការស៉ីវិលនៃក្របខ័ណ្ឌក្រសួងមហាផ្ទៃនិងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពតទាំងមូលបច្ចុប្បន្នមានចំនួនសរុប១៩១នាក់ស្រី៦៩នាក់ក្នុងនោះមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តមានចំនួនសរុប១៣៨នាក់ និងមន្ត្រីជាប់កិច្ចសន្យាមានចំនួនសរុប៥៣នាក់។
លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលនាឱកាសនោះដោយបញ្ជាក់ថា៖ ជាការពិតកន្លងមកក្នុងមួយឆ្នាំរដ្ឋបាលខេត្តកំពតតែងតែធ្វើនូវកម្មវិធីជួបជុំមន្ត្រីរាជការចំណុះសាលាខេត្តនាមុនឱកាសបុណ្យប្រពៃណីជាតិខ្មែរម្ដងៗ។ ពិសេសបុណ្យភ្ជំបិណ្ឌនិងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាគោលបំណងដើម្បីផ្សារភ្ជាប់ការស្រឡាញ់រាប់អានក្នុងមនោសញ្ចេតនាការងារនិងការលើកទឹកចិត្តរវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទ ពោលគឺដើម្បីពង្រឹងសាមគ្គីភាព រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមសេសសល់នានាពីច្រើនមកតិចនិងពីតិចទៅអត់ សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តការងារបានកាន់តែប្រសើរនិងមានប្រសិទ្ធភាពថែមទៀតលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការរួមគ្នាជំរុញកិច្ចអភិវឌ្ឍន៍ក្នុងខេត្តកំពតអោយបានកាន់តែរីកចម្រើនបន្តទៅមុខទៀត។
ក្នុងឱកាសនោះលោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាជូនដល់មន្ត្រីរាជការក្នុងក្របខ័ណចំណុះសាលាខេត្តកំពតទាំងមូលសរុបចំនួន១៣១នាក់ក្នុងម្នាក់ថវិកាចំនួន៤០ម៉ឺនរៀល នឹងបន្តឧបត្ថម្ភដល់សមាជិក្រុមប្រឹក្សាខេត្តចំនួន២៥នាក់ក្នុងម្នាក់៥០ម៉ឺនរៀលសរុបមានចំនួន៦៤លាន៩សែនរៀល មន្ដ្រីជាប់កិច្ចសន្យាចំនួន៥៣នាក់ និងនគរបាលចំនួន៦នាក់ ម្នាក់ៗ២០ម៉ឺនរៀលសរុបថវិកាទាំងអស់ចំនួន៧៦លាន៧សែនរៀល៕