នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅ តំបន់១ តំបន់២ នៃរមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ភូមិធម្មជាតិរុនតាឯកនេះ ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុតក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍រម្លឹកឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី លោកបានអញ្ជើញមកកាន់តំបន់រុនតាឯក ចំនួន៣ដង និងតំបន់ពាក់ស្នែងចំនួន១ដង កាលពីឆ្នាំ២០២២។ ការចុះរបស់សម្តេចតេជោកន្លងមកនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងចុះបញ្ជាដោយផ្ទាល់ដល់ផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការងារសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនពលរដ្ឋបានរស់នៅដោយផាសុកភាព និងឆាប់រហ័ស។
សម្ដេចធិបតី បានមានប្រសាសន៍ចោទជាសំនួរថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជន តើជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។ សម្តេចមធិបតី បានបន្តរម្លឹកឱ្យដឹងថា តំបន់រមណីយដ្ឋានមួយចំនួន ដែលត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយនោះ អាចនឹងត្រូវបានដកចេញវិញ បើសិនជាយើងមិនគោរពទៅតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូទេនោះ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ទាំងអស់ដែលបានរួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូនដល់ប្រជាពលរដ្ឋសរុបជាង៤ពាន់គ្រួសារ។ សម្ដេចធិបតី ក៏បានជំរុញដល់ក្រុមការងារអន្តរក្រសួង បន្តការខិតខំបន្តទៀតក្នុងការអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យបន្ថែមទៀតនាពេលខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ ពីព្រោះតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗនៅចំពោះមុខពលរដ្ឋនៅក្នុងទឹក ដីខេត្តសៀមរាបថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ដើម្បីសាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីនៃអង្គការយូណេស្កូ។
សម្ដេចធិបតីបានមានប្រសាសន៍ថា មួយជីវិតសម្តេចតេជោ ហ៊ុន សែន គឺលោកតស៊ូណាស់ដើម្បីជាតិ និងប្រជាជន។ សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជន ឬ មកធ្វើអគារ១០០ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌលសុខភាពរុនតាឯកចំនួន៨នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិផងដែរ។ សម្តេចធិបតី ក៏បានប្រកាសផ្ដល់អគារសិក្សាចំនួន ២ជាន់ ស្មើនឹង ១២ បន្ទប់ជូនដល់សាលាបឋមសិក្សារុនតាឯក និងបានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សារុនតាឯកចំនួន ១០ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចឱ្យគ្រូបង្រៀនស្ម័គ្រចិត្តនៅវិទ្យាល័យរុនតា ឯកចំនួន ១៤ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០ គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិតប្រាក់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើឱ្យពន្លឿនការសាងសង់ ជាពិសេសគឺ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូទាំងអស់ឱ្យបានឆាប់ៗ។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមរួមគ្នាថែ រក្សាដួងព្រលឹងជាតិនៅតំបន់រមណីយដ្ឋានអង្គរ ឱ្យមានជីវិតរស់រវើករាប់ពាន់ឆ្នាំតទៅមុខទៀត និងបានប្រកាសប្តេជ្ញាចិត្តអភិវឌ្ឍន៍តំបន់រុនតាឯកនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត រហូតក្លាយជាទីក្រុងដ៏ស្រស់បំព្រងមួយនាពេលអនាគត ៕