នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៨ ខែមីនា ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញជួបប្រជុំប្រចាំឆ្នាំជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដឹកនាំដោយលោក ចូសែហ្វ សូយ័រ (Joseph Scheuer ) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ជំនួបប្រជុំនេះ បានយកចិត្តទុកដាក់ទៅលើប្រធានបទចំនួន០២ ដែលប្រធានបទទី១គឺការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលបែងចែកចេញជាពីរ គឺ១-ទិសដៅអាទិភាពរាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ដើម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និង២- ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ដើម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ។ ប្រធានបទទី២ គឺការប្រព័ន្ធគាំពារសង្គម ក៏មានការបែងចែកជាពីរចំណុចដែរ គឺ១- ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការពង្រីកការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដែលគាំពារប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដែលមានហានិភ័យ និងវិបត្តិផ្សេងៗ និង២- ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍបន្ថែមទៀត នូវប្រព័ន្ធគាំពារសង្គម។
ពាក់ព័ន្ធទៅនឹងកិច្ចពិភាក្សាទាំងពីរនេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការសន្និដ្ឋានថា ប្រព័ន្ធអង្គការសហប្រជាជាតិ បានប្រកាន់ភ្ជាប់នូវភាពទន់ភ្លន់ និងបត់បែនតាមសភាពការណ៍ក្នុងការអនុវត្តយូអ៉ិនដាស្ស (UNDAF) តាមរយៈដាក់ឲ្យអនុវត្តក្របខណ្ឌឆ្លើយតបសង្គមសេដ្ឋកិច្ច និងពិនិត្យកែសម្រួលមូលធន និងគោលដៅអន្តរាគមន៍ឡើងវិញ សំដៅគាំទ្ររាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាតមកលើក្រុមងាយរងគ្រោះបំផុត។
ទន្ទឹមនឹងនេះ ក៏បានកៀរគរធនធានថ្មីបន្ថែមសម្រាប់គាំទ្ររាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខភាព និងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ អ្វីដែលគួរឲ្យអបអរសាទរ និងកោតសរសើរ គឺការសម្រេចបានវឌ្ឍនភាពវិជ្ជមានលើលទ្ធផលរំពឹងទុកលើយុទ្ធសាស្ត្រទាំងប្រាំរបស់ យូ អ៉ិន ដាស្ស (UNDAF) នៅក្នុងកាលៈទេសៈដ៏សែនលំបាក ទាំងនេះអាចបញ្ជាក់បានអំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តរួមគ្នារបស់ភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិ និងកិច្ចសហប្របត្តិការយ៉ាងល្អប្រពៃក្នុងភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយនឹងក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាល ។
ទាក់ទងទៅនឹងការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ការអនុវត្តប្រកបដោយចីរភាព នៃប្រព័ន្ធអង្គការសហប្រជាតិ ២០២៤-២០២៨ ក៏មានវឌ្ឍនភាពល្អប្រសើរ តាមរយៈកិច្ចពិគ្រោះយោបល់ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ។ សម្តេច ក៏បានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធបន្តកិច្ចសហការដើម្បីឈានទៅបញ្ចប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រព័ន្ធអង្គការសហប្រជាជាតិនេះតាមការគ្រោងទុកនៅខែឧសភា ឆ្នាំ២០២៣។
សម្រាប់ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់រយៈពេលប្រាំឆ្នាំខាងមុខ ឆ្នាំ២០២៤ – ២០២៨ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភ្នាក់ងារពាក់ព័ន្ធ នៃប្រព័ន្ធអង្គការសហប្រជាជាតិបន្តរៀបចំតាមយន្តការកិច្ចពិគ្រោះយោបល់ដែលមានស្រាប់ ដោយរាជរដ្ឋាភិបាលផ្តល់ការគាំទ្រជាផ្លូវការលើឯកសារទាំងនេះ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងអនុម័តក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ ។
ចំពោះប្រធានបទ ស្ដីពីការពង្រឹងសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងពង្រីកប្រព័ន្ធគាំពារសង្គម កិច្ចពិភាក្សា បានបង្កើនការយល់ដឹងរួមគ្នាអំពីវឌ្ឍនភាពអំពីបញ្ហាប្រឈម គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំងពីរនេះ ដែលជាមូលដ្ឋានស្នូល នៃការអភិវឌ្ឍធនធានមនុស្សដែលនឹងត្រូវរំលេចចេញលម្អិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិដែលគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងពង្រីកប្រព័ន្ធគាំពារសង្គម ក្នុងគោលដៅបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានា នៃរាជរដ្ឋាភិបាលបន្តធ្វើការងារនេះឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងភ្នាក់ងារប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីប្រែក្លាយការប្ដេជ្ញាចិត្ត និងការគាំទ្រទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្ដែង ។ សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រទាំងឡាយដែលប្រព័ន្ធអង្គការសហប្រជាជាតិបានផ្តល់កន្លងមកសម្រាប់រួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕