ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) គឺជាដៃគូដ៏ល្អមួយរបស់ក្រសួងព័ត៌មាន និងជាតំណាងរបស់ក្រសួងព័ត៌មាន ក្នុងពេលដែលត្រូវអញ្ជើញអ្នកសារព័ត៌មានកម្ពុជា ឱ្យចូលរួមក្នុងសិក្ខាសាលានានានៅឯក្រៅប្រទេស ជាពិសេសពោរពេញទៅដោយអ្នកកាសែតជើងចាស់ ប្រកបដោយវិជ្ជាជីវៈ។
ការគូសបញ្ជាក់បែបនេះ របស់ ខៀវ កាញារីទ្ធ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) អាណត្តិទី៧ ដោយមានសមាសភាពឈរឈ្មោះចំនួន៩រូបរួមមានទី១៖ លោក ខៀវ កូឡា ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា, ទី២៖ លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា, ទី៣៖ លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព, ទី៤៖ លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មានរស្មីកម្ពុជា, ទី៥៖ លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន CLICK NEWS CBS, ទី៦៖ លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ, ទី៧៖ កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ FM, ទី៨៖ លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ និងទី៩៖ លោក សៅ ភិរុណ អគ្គនាយករង ស្ថានីយវិទ្យុ និងទូរទ្សន៍ BTV។
ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកកាសែតសរុបប្រមាណជាង៣០០នាក់ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ នៅភោជនីយដ្ឋានបឹងមាស ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា៖ «ជិត៣០ឆ្នាំមកហើយ ក្លិបអ្នកកាសែត គឺជាក្លិបមួយ ឬអង្គការមួយដែលជាដៃគូដ៏ល្អបំផុតជាមួយក្រសួងព័ត៌មាន ដូច្នេះ ជាគោលការណ៍កាលណាគេអញ្ជើញសមាគមអ្នកកាសែត គេអញ្ជើញតែមួយទេជាតំណាង អ៊ឹចឹងក្រសួងជានិច្ចកាលតែងរើសក្លិបអ្នកកាសែតកម្ពជា ជាតំណាងសារព័ត៌មានកម្ពុជាទាំងមូល»
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានណែនាំដល់ក្លិបអ្នកកាសែតកម្ពុជា បន្តបណ្តុះបណ្តាលអ្នកជំនាន់ក្រោយបន្ថែមទៀត និងបានកោតសសើរដល់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី គឺអ្នកសារព័ត៌មានជើងចាស់ ពោរពេញទៅដោយបទពិសោធន៍ និងមានភាពល្បីល្បាយក្នុងស្រទាប់អ្នកសារព័ត៌មានអន្តរជាតិទៀត។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា៖ «កាលណាបណ្តាប្រទេសនានាអញ្ជើញអ្នកកាសែតកម្ពុជាទៅសិក្សា គឺជ្រើសក្លិបអ្នកកាសែតកម្ពុជា ពីព្រោះក្លិបអ្នកកាសែត មានវិន័យ មានការអប់រំ ដែលនេះជាចំណុចល្អបំផុត ដែលពោរពេញទៅដោយអ្នកកាសែតជើងចាស់ ដែលយល់ដឹងច្បាស់ពីច្បាប់ ជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន»។
សូមបញ្ជាក់ថា សមាជិកដែលបានចូលរួមបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) អាណត្តិទី៧ មានចំនួនសរុប ២៨១នាក់ ជាលទ្ធផលបន្ទាប់ពីធ្វើការបោះឆ្នោតមានការគាំទ្រចំនួន២៧៧សន្លឹក មិនបានការមានចំនួន២សន្លឹក និងអនុប្បវាទចំនួន២សន្លឹក