រាជធានីភ្នំពេញ: ផ្សារដើមគរនិងផ្សារនាគមាសជាទីកន្លែងប្រមូលផ្ដុំសម្រាប់អាជីវករ ពាណិជ្ជករទិញលក់ទំនិញគ្រប់ប្រភេទពិសេសបន្លែនិងផ្លែឈើ ដូចទីតាំងផ្សារផ្សេងៗទៀតក្នុងការបង្កើននូវកំណើនសេដ្ឋកិច្ចសម្រាប់ជាតិក៏ដូចជារង្វង់ក្រុមគ្រួសាររបស់ពួកគេ។
ដោយឡែកបើនិយាយអំពីចំណូលដែលបានមកពីអាជីវករតូចនិងធំដែលលក់ទិញទំនិញ និងអីវ៉ាន់គ្រប់ប្រភេទដែលបានប្រមូលផ្ដុំគ្នានៅទីតាំងខាងលើនេះដើម្បីបង់ជូនដល់ម្ចាស់ផ្សារឬអ្នកគ្រប់គ្រងផ្សារគឺទទួលបានចំនួនច្រើនផងដែរដែលគេអាចវាយតម្លៃក្រៅប្រព័ន្ធគ្រប់គ្រងគណនេយ្យភាព។
ក៏ប៉ុន្តែសម្រាប់អ្នកលក់ដូរខ្លះក៏គាត់មានការរអ៊ូរទាំទៅលើទីកន្លែងមិនបានច្បាស់លាស់ក្នុងការទិញលក់ជាប្រចាំផងដែរ ហើយចំពោះរថយន្តដែលមកពីតាមបណ្ដាខេត្តផ្សេងៗក៏មកពពាក់ពពូនគ្នាដោយចតតាមដងផ្លូវសាធារណះមិនខុសពីយកទីតាំងតាមផ្លូវសាធារណះទាំងនេះមកធ្វើជាកម្មសិទ្ធិដើម្បីចំណេញយកផលប្រយោជន៍ផ្ទាល់ខ្លួនដោយសារការបង់លុយទៅឲ្យក្រុមអ្នកមើលការខុសត្រូវដែលមានសន្តិសុខជាដើម។
ដោយសាររឿងខាងនេះបានបង្កឲ្យមានបញ្ហាជាច្រើនដូចជាពេលមានអ្នកជម្ងឺត្រូវបញ្ជូនសង្គ្រោះក្នុងមន្ទីពេទ្យ ក្នុងករណីមានរថយន្តពន្លត់អគ្គីភ័យពិបាកចេញចូល និងការកកស្ទះចរាចរណ៍ជាញឹកញាប់សម្រាប់អ្នកធ្វើដំណើរតាមផ្លូវសាធារណះមួយចំនួនបើករថយន្តឬម៉ូតូធុញទ្រាន់ឬរអ៊ូរទាំទៅនឹងការរៀបចំសណ្តាប់ធ្នាប់របស់ប្រធានផ្សារដើមគរ ឬផ្សារនាគមាសដែលយកទីតាំងកន្លែងបរិវេណជុំវិញធ្វើជាមុខរបរដើម្បីផលប្រយោជន៍បុគ្គលដែលជាម្ចាស់អាជីវកម្ម។
ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋានហាក់ជាមិនឃើញនៅរាល់សកម្មភាពដ៏រញ៉េរញ៉ៃនិងគ្មានសណ្ដាប់ធ្នាប់ត្រង់ចំនុចទីតាំងខាងលើទាំងនោះ ឬក៏មានអ្វីបិទបាំងពីក្រោយខ្នងហើយ នេះគឺជាចម្ងល់របស់មហាជនក៏ដូចជាអ្នកធ្វើដំណើរលើដងផ្លូវសាធារណះមានការងឿយឆ្ងល់ផងដែរ!
ប្រជាពលរដ្ឋទូទៅសំណូមពរដល់រដ្ឋបាលនៃខណ្ឌទួលគោកដែលដឹកនាំដោយអភិបាលនៃគណះអភិបាល ឯកឧត្តម ជា ពិសី និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង សូមមេត្តាមានវិធានការនិងធ្វើការរៀបចំសណ្តាប់ធ្នាប់សាធារណះតាមការសំណូមពររបស់អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋទូទៅដើម្បីចៀសវាងការរិះគន់ជាសាធារណះចំពោះទីតាំងបរិវេណជុំវិញផ្សារដើមគរ និងផ្សារនាគមាស។
សារព័ត៌មានរបស់យើងនិងធ្វើការចុះផ្សាយជាបន្តបន្ទាប់ចំពោះចំណាត់ការ និងសកម្មភាពទាំងអស់របស់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានដែលនឹងអនុវត្តបន្ទាប់ពីការផ្សព្វផ្សាយដំណឹងដើម្បីផលប្រយោជន៍សាធារណះក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងទិសដៅសុខសន្តិភាពសុវត្ថិភាពជាមូលដ្ឋានរបស់ពលរដ្ឋទូទៅ