មនុស្សរាប់រយអ្នកបានស្លាប់នៅប៉ាគីស្ថានដោយសារអាកាសធាតុក្ដៅខ្លាំងរហូតទៅដល់៤២អង្សាសេ លឺថាខ្មែរយើងអាកាសធាតុនឹងកើនដល់៤២អង្សាសេដែរដូច្នេះចូលប្រុងប្រយ័ត្ន
ពិតជាសោកសៅនិងក្រៀមក្រំបំផុតពេលទទួលដំណឹងថាមានមនុស្សរាប់រយនាក់ស្លាប់នៅឯទីក្រុង Karachi ប្រទេសប៉ាគីស្ថានដោយសារតែរលកកំដៅបានក្ដៅខ្លាំងរហូតទៅដល់៤២អង្សាសេ ក្នុងសប្ដាហ៍នេះ។
តាមប្រភពពត៌មានពីលោក Faisal Edhiដែលជាប្រធានអង្គការសុខុមាលភាពសង្គម ដែលគ្រប់គ្រងគម្រោងសុខភាពសាធារណៈ រួមទាំងកន្លែងដាក់សពនិងសេវាសង្គ្រោះបន្ទាន់បានអោយដឹងថាត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះលោកទទួលបានសាកសពចំនួន១៨០នាក់ហើយ សាកសពទាំងអស់នេះស្លាប់ដោយសារតែរលកកំដៅក្ដៅខ្លាំងមិនអាចទ្រាំទ្របាន។
រលកកំដៅនេះបានកើនឡើងស្របពេលដែលពិធីបុណ្យរ៉ាម៉ាដានបានប្រារព្ធឡើង ដោយពិធីបុណ្យនេះតម្រូវអោយប្រជាជនប៉ាគីស្ថានរាប់លាននាក់ហាមមិនឲ្យផឹកទឹក និងទទួលទានអាហារចាប់ពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិច។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថានបានចេញសេចក្ដីព្រមានថាកំដៅនឹងកើនឡើងបន្ថែមទៀតរហូតទៅដល់៤៤អង្សាសេនៅរវាង២ទៅ៣ថ្ងៃខាងមុខទៀត ដូច្នេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអោយបានខ្ពស់។
កំដៅនេះមិនត្រឹមតែកើតឡើងនៅប៉ាគីស្ថានប៉ុណ្ណោះទេ សូម្បីតែនៅស្រុកខ្មែរយើងក៏ឡើងកំដៅផងដែរ ដោយគេទស្សន៍ទាយថានៅស្រុកខ្មែរកំដៅអាចឡើងដល់៤២អង្សាសេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានការប្រុងប្រយ័ត្នអោយបានខ្ពស់កុំអោយមានសោកនាកម្មដូចប្រទេសប៉ាគីស្ថាន ៕