បុរសជាងឡានម្នាក់ ឃើញរថយន្តគេចតភ្លេចដកកូនសោរលួចបើករត់គេច តែត្រូវម្ចាស់ឃើញជិះម៉ូតូដេញតាមទាន់ចាប់ប្រគល់ឱ្យប៉ូលិសក្រុងសៀមរាប
ខេត្តសៀមរាប ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចទល់មុខ កន្លែងលក់គ្រឿង បន្លាសថយន្ត យីហោខ្លាសរ ក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ដេញចាប់បានមកវិញនៅវេលាម៉ោង៤រសៀល ថ្ងៃដដែលក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
តាមប្រភពលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ភូ វុទ្ធី អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកជនរង គ្រោះឈ្មោះ ឆាយ រតនៈ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរថយន្តលក់គ្រឿងអគ្គិសនី ទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី ។
មុនពេលកើតហេតុ ជនរងគ្រោះ បានបើក រថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42 N35Z098742. លេខម៉ាស៊ីន 1GR 0695935 បានចុះមកទិញគ្រឿងបន្លាស់រថយន្ត ដោយមិនបានដកកូនសោរ ចេញ ពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។ ភ្លាមៗនោះ ជនសង្ស័យ បានចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្តបើកចេញទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៦ ។ ម្ចាស់រថយន្ត ក៏បានហៅម៉ូតូឌុប ជិះដេញតាមពីក្រោយ បានចម្ងាយប្រហែល ៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូលទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទើបឃាត់រថយន្តបាននឹងរាយការណ៍ មកសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ។
ក្រោយពីការសាកសួរជនសង្ស័យ ប៉ុន្តែ មិនអាចឆ្លើយបំភ្លឺ ជូនសមត្ថកិច្ចបាននោះទេ ដោយសារមានសភាពដូចជាមនុស្សបែកថ្នាំ ។ សមត្ថកិច្ចបានធ្វើ តេស្តរកសាធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផល ឃើញថា(វិជ្ជមាន)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី ។ ចំណែករថយន្តប្រគល់ឱ្យម្ចាស់យកទៅប្រើប្រាស់វិញ



